ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Pfizer ស្នើសុំការអនុញ្ញាតពីអាជ្ញាធរអាមេរិកសម្រាប់ការចាក់ជូនពលរដ្ឋវ័យក្មេងអាយុចន្លោះពី ៥ ដល់ ១១ ឆ្នាំ

    BY Pheakdey October 8, 2021
    Pfizer ស្នើសុំការអនុញ្ញាតពីអាជ្ញាធរអាមេរិកសម្រាប់ការចាក់ជូនពលរដ្ឋវ័យក្មេងអាយុចន្លោះពី ៥ ដល់ ១១ ឆ្នាំ

    អាមេរិក៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បានដាក់សំណើរទៅកាន់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកដើម្បីសុំការអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងរបស់ខ្លួនចំពោះកុមារដែលមានអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ។ ភ្លាមៗក្រោយការដាក់សំណើរបស់ក្រុមហ៊ុន Pfizer លោក Jeff Zients ដែលជាអ្នកសម្របសម្រួលកម្មវិធីកូវីដនៅក្នុងសេតវិមានអាមេរិកបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សំណើនេះគួរតែត្រូវបានអនុញ្ញាត ព្រោះយោងតាមការសិក្សានាពេលកន្លងបានបង្ហាញថាវ៉ាក់សាំង Pfizer មិនបានបង្កគ្រោះថ្នាក់ចំពោះក្មេងៗនោះទេ។

    អ្នកសម្របសម្រួលកម្មវិធីកូវីដរូបនេះបានបន្តថា ការអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះក្រុមពលរដ្ឋវ័យក្មេងនឹងជួយពន្លឿនការដោះស្រាយបញ្ហាសង្គមបានមួយផ្នែកធំ ដូចជាការបើកសាលារៀនឡើងវិញសម្រាប់ក្រុមកុមារ ហើយនៅពេលដែលក្រុមកុមារត្រូវចំណាយពេលនៅសាលារៀនច្រើននោះ ឪពុកម្តាយរបស់ពួកគេក៏មានពេលវេលាច្រើនសម្រាប់ទៅធ្វើការងាររកប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។ សូមបញ្ជាក់ផងដែរថា តាមគម្រោងគឺក្រុមកុមារដែលមានអាយុចន្លោះពី ៥-១១ ឆ្នាំនឹងត្រូវទទួលវ៉ាក់សាំង Pfizer ចំនួន ២​ដូសដែលមានចំណុះ ១០ មីលីក្រាម ហើយគម្លាតនៃការចាក់វ៉ាក់សាំងដូសទី ១ និងទី ២ ត្រូវមានរយៈពេល ២១ ថ្ងៃ  ខណៈមនុស្សពេញត្រូវទទួលវ៉ាក់សាំង Pfizer រហូតដល់ ៣០ មីលីក្រាមឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: