ស្រ្តី ៣នាក់បងប្អូនសម្តែងធ្វើជាត្រូវគេចាប់ជំរិតដើម្បីឲ្យឪពុកផ្ញើលុយទៅលោះ ចុងក្រោយត្រូវប៉ូលិសចាប់ខ្លួនមែនទែន ខណៈអ្នកផ្តើមគំនិតត្រូវប្រឈមនឹងជាប់គុក ១០ឆ្នាំ
ម៉ាឡេស៊ី៖ យោងតាមចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World Of Buzz បានឲ្យដឹងថា មានស្រ្តី ៣នាក់បងប្អូនបានធ្វើពុតជាត្រូវបានគេចាប់ជំរិត ដើម្បីបោកប្រាស់ឲ្យឪពុករបស់ពួកគាត់ផ្ញើប្រាក់យ៉ាងច្រើនទៅលោះ តែតាមជាក់ស្តែងពួកគាត់មានរៀបគម្រោងនេះឡើងដើម្បីយកប្រាក់ទៅចែកគ្នាចាយតែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Muar ក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ខណៈស្រ្តី ៣ នាក់ដែលជាអ្នកបោកប្រាស់ឪពុកខ្លួនឯងនោះត្រូវបានគេដឹងថា មានអាយុចាប់ពី ២៥ ដល់ ៣៥ ឆ្នាំ។

ប្រភពខាងលើបានបន្ត គម្រោងបោកប្រាស់ខាងលើនេះមិនទទួលបានជោគជ័យឡើយ ដោយបុរសជាឪពុកមិនបានផ្ញើលុយតាមការទាមទាររបស់ក្រុមកូនស្រីឡើយ ផ្ទុយទៅវិញលោកឪពុកវ័យ ៦៦ ឆ្នាំរូបនេះបានសម្រេចប្តឹងប៉ូលិសឲ្យជួយធ្វើអត្តរាគមន៍ចំពោះរឿងនេះ។ ក្រោយទទួលបានពាក្យបណ្តឹងក្រុមប៉ូលិសជំនាញក៏បានបើកការស៊ើបអង្កេតនិងបានរកឃើញការពិតគ្រប់យ៉ាង ហើយប៉ូលិសក៏សម្រេចឃាត់ខ្លួនស្រ្តី ៣នាក់នោះជាភ្លាមៗតែម្តង ខណៈពេលនេះខាងប៉ូលិសនៅបន្តតាមរកជនពាក់ព័ន្ធផ្សេងទៀត និងកំពុងរកអ្នកផ្តើមគំនិតរៀបចំគម្រោងនេះផងដែរ។ បើតាមប៉ូលិសជំនាញម៉ាឡេស៊ីបានបញ្ជាក់ថា អ្នកផ្តើមគំនិតក្នុងរឿងបោកប្រាស់នេះអាចប្រឈមនឹងការជាប់គុករហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World Of Buzz