ភោជនីយដ្ឋានលិចទឹកមួយកន្លែងកំពុងល្បីខ្លាំងនៅថៃ ខណៈថៃកំពុងរងនូវឥទ្ធិពលខ្យល់ព្យុះនិងជំនន់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស
ថៃ៖ ខណៈដែលថៃកំពុងទទួលរងនូវឥទ្ធិពលខ្យល់ព្យុះនិងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សដែលបង្កឲ្យមាន បញ្ហារំខានដល់ការរស់នៅនិងអាជីវកម្មជាច្រើនកន្លែងនៅទូទាំងប្រទេសនោះ ស្រាប់តែមានភោជនីយដ្ឋានលិចទឹកមួយបានលេចរូបរាងឡើងនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានបណ្តាញសារព័ត៌អន្តរជាតិល្បីៗជាច្រើនសម្រេចចុះផ្សាយអត្ថបទអំពីភោជនីយដ្ឋានោះទៀតផង។ យោងតាមបណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ភោជនីយដ្ឋានលិចទឹកមួយកន្លែងនោះមានឈ្មោះថា The Chao Phraya International Cafe មានទីតាំងនៅតាមមាត់ទន្លេចាវប្រាយ៉ាស្ថិតនៅក្នុងទឹកដីខេត្ត Nonthaburi ដែលជាខេត្តនៅជាប់នឹងក្រុងបាងកកតែម្តង។
បើយោងតាមវីដេអូរបស់បណ្តាញសារព័ត៌មាន South China Moring Post បានបង្ហាញថា ភោជនីយដ្ឋានមួយនេះមានអាហារពិសេសមួយប្រចាំហាងគឺសាច់អាំង ហើយដើម្បីទៅអង្គុយញ៉ាំសាច់អាំងនោះបានអតិថិជនទាំងអស់ត្រូវដើរលុយទឹកជិតត្រឹមជង្គង់ ហើយក្នុងពេលអង្គុយញ៉ាំវិញពួកគេក៏ត្រូវប្រឈមនឹងទឹករលកដែលបក់មកពីកណ្តាលទន្លេផងដែរ។ បើទោះជាយ៉ាងណាក្តី អតិថិជនទាំងអស់ហាក់មិនធុញទ្រាន់នឹងការដើរលុយទឹក ឬក៏ខ្លាចទឹករលកបោកបក់យកពួកគេចូលទៅក្នុងទន្លេឡើយ ផ្ទុយទៅវិញពួកគេបានបង្ហាញនូវអារម្មណ៍ស្រស់ស្រាយនិងសប្បាយរីករាយយ៉ាងខ្លាំង ពេលបានទៅដល់ភោជនីយដ្ឋានមួយនេះ ដ្បិតវាជាបរិយាកាសថ្មីប្លែកដែលពួកគេមិនធ្លាប់ឆ្លងកាត់ទាល់តែសោះ។ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងស្រុងនៅក្នុងភោជនីយដ្ឋានលិចទឹកមួយនេះ ដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger , South China Moring Post