នូវែលសេឡង់ដាក់ផែនការចាក់វ៉ាក់សាំងកូវីដឲ្យបាន ១សែនដូសក្នុងមួយថ្ងៃ មុនពេលអាជ្ញាធរសម្រេចបើកទីក្រុងដ៏សំខាន់មួយ
នូវែលសេឡង់៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសនូវែលសេឡង់គ្រោងនឹងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ចាប់ពីថ្ងៃទី ១៦ ខែតុលានេះតទៅ។ បើតាមលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់បានបញ្ជាក់ថា តាមគម្រោងគឺអាជ្ញាធរសុខាភិបាលនឹងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនពលរដ្ឋឲ្យបានជំនួនយ៉ាងតិច ១០០,០០០ដូសក្នុងមួយថ្ងៃ ហើយផែនការនេះត្រូវសម្រេចឲ្យបានមុនពេលអាជ្ញាធរសម្រេចលុបចោលវិធានការរឹតបន្តឹងក្នុងទីក្រុង Auckland ដែលជាក្រុងដ៏សំខាន់មួយរបស់នូវែលសេឡង់។

គួររម្លឹកថា នាពេលកន្លងមកនូវែលសេឡង់គឺជាប្រទេសមួយដែលមិនសូវមានការគំរាមគំហែងធ្ងន់ធ្ងរដោយជំងឺកូវីដ ១៩ នោះទេ រហូតដល់ពាក់កណ្តាលខែសីហាឆ្នាំ ២០២១ ទើបមេរោគ Delta ផ្តើមមានវត្តមាននៅក្នុងប្រទេសមួយនេះ ហើយបច្ចុប្បន្នមេរោគ Delta បានបន្តរាតត្បាតស្ទើរតែទូទាំងប្រទេសទៅហើយ។ គិតរហូតមកទល់នឹងពេលនេះ នូវែលសេឡង់បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤,៣៤៥នាក់ និងស្លាប់សរុបចំនួន ២៨នាក់ ហើយចំពោះការចាក់វ៉ាក់សាំងវិញគិតត្រឹមរយៈពេលដូចគ្នាអាជ្ញាធរសុខាភិបាលនូវែលសេឡង់បានសម្រេចការចាក់វ៉ាក់សាំងរួចរាល់ចំពោះពលរដ្ឋចំនួន ៤១% និង ៦៨%បានចាក់វ៉ាក់សាំងត្រឹមដូសទី ១ ខណៈនូវែលសេឡង់មានពលរដ្ឋសរុបជាង ៤,៨ លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia