ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសចិនបានឆក់យកជីវិតពលរដ្ឋ ១៥នាក់ អាគាររាប់ពាន់កន្លែងត្រូវបានបំផ្លាញ ខណៈអណ្តូងរ៉ែជាច្រើនកន្លែងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន

    BY Pheakdey October 13, 2021
    ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសចិនបានឆក់យកជីវិតពលរដ្ឋ ១៥នាក់ អាគាររាប់ពាន់កន្លែងត្រូវបានបំផ្លាញ ខណៈអណ្តូងរ៉ែជាច្រើនកន្លែងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតបង្កឡើងដោយជំនន់ទឹកភ្លៀងដែលបានវាយប្រហារខេត្ត Shanxi ភាគខាងត្បូង ប្រទេសចិនយ៉ាងឆាប់រហ័សបំផុត។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា កន្លងមកខេត្ត Shanxi គឺជាតំបន់ខ្ពស់មួយដែកម្រមានទឹកជន់លិចណាស់ តែថ្មីៗនេះឥទ្ធិពលនៃខ្យល់ព្យុះបានជំរុញឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងខេត្ត ហើយបើគិតជាបរិមាណទឹកភ្លៀងវិញគឺត្រឹមមួយសប្តា៍ចុងក្រោយនេះ ខេត្ត Shanxi បានទទួលទឹកភ្លៀងក្នុងបរិមាណស្មើនឹងទឹកភ្លៀងក្នុងរយៈពេល ៣ខែឯណោះ។

    បើតាមរបាយកាណ៍របស់អាជ្ញាធរបានបញ្ជាក់ថា ក្រៅតែពីមានអ្នកស្លាប់ក៏នៅមានពលរដ្ឋចំនួន ៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈពលរដ្ឋប្រមាណជា ១,៧ លាននាក់នៅក្នុងខេត្តមួយនេះសុទ្ធតែទទួលរងនូវការប៉ះពាល់ពីជំនន់ទឹកភ្លៀងទាំងអស់ គ្រាន់តែការប៉ះពាល់មានកម្រិតផ្សេងៗគ្នាប៉ុណ្ណោះ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គឺគិតត្រឹមពេលនេះមានអាគារប្រមាណជា ១៩,០០០ ​កន្លែងបានដួលរលំខ្ទេចខ្ទីអស់ហើយ ខណៈអាគារចំនួន ១៨,០០០ កន្លែងផ្សេងបានរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ដោយឡែកសម្រាប់សកម្មភាពអាជីវកម្មវិញគឺគិតត្រឹមពេលនេះមានអណ្តូងរ៉ែចំនួន ៦០ កន្លែងនៅទូទាំងខេត្តត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈខេត្តមួយនេះគឺជាតំបន់ដែលសម្បូររ៉ែច្រើនជាងគេផងដែរនៅក្នុងប្រទេសចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

     

    Share This Post: