អន្តរជាតិ

អាមេរិកគ្រោងបើកច្រកព្រំដែនជាមួយកាណាដាវិញនៅដើមខែវិច្ឆិកា តែស្វាគមន៍ត្រឹមពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ប៉ុណ្ណោះ

BY
Pheakdey
October 13, 2021

អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី១២ ខែតុលា ម្សិលមិញថា គឺនៅដើមខែវិច្ឆិកាខាងមុខនេះសហរដ្ឋអាមេរិកគ្រោងនឹងបើកច្រកព្រំដែនជាមួយប្រទេសកាណាដាវិញហើយ តែអាមេរិកស្វាគមន៍តែអ្នកដំណើរណាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ប៉ុណ្ណោះ។ បើតាមលោក Chuck Schumer ដែលជាប្រធានក្រុមភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា គម្រោងខាងលើនេះត្រូវបានអនុម័តដោយលោក Alejandro Mayorkas ដែលជាលេខាធិការក្រសួងសន្តិសុខមាតុភូមិរួចហើយ ដូចនេះគឺគេរង់ចាំតែអនុវត្តផែនការតាមការគ្រោងទុកប៉ុណ្ណោះពេលកាលបរិច្ឆេតបានមកដល់។

គួររម្លឹកថា អាមេរិកបានសម្រេចបិទព្រំដែនជាមួយប្រទេសកាណាដាចាប់តាំងពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ ១៩ មកពីក្រៅប្រទេស ហើយការបើកច្រកព្រំដែនមួយនេះគឺ​មិនមែនអនុញ្ញាតត្រឹមពលរដ្ឋកាណាដានោះទេ តែសម្រាប់ពលរដ្ឋមិចស៊ីកូមួយចំនួនក៏អាចធ្វើដំណើរចូលទៅទឹកដីអាមេរិកតាមច្រកព្រំដែនមួយនេះបានផងដែរ។ ក្រៅតែបើកច្រកព្រំដែនជាមួយកាណាដានៅក្នុងខែវិច្ឆិកាខាងមុននេះអាមេរិកក៏គ្រោងនឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរជាមួយនឹងប្រទេសចំនួន ៣៣ ផ្សេងទៀតផងដែរ មានដូចជាប្រទេសចិន ប្រេស៊ីល ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: