អន្តរជាតិ

WHO សម្រេចទទួលស្គាល់គុណភាពវ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសថៃ

BY
Pheakdey
October 14, 2021

ថៃ៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience នៅក្នុងប្រទេសថៃត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងសម្រេចដាក់ក្នុងបញ្ជីវ៉ាក់សាំងសម្រាប់ប្រើប្រាស់ក្នុងគ្រាបន្ទាន់ជាផ្លូវការហើយ។ បើតាមលោក Warat Karuchit ដែលជាទីប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃ បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៤ ខែ តុលានេះថា តាមពិតក្រុមអ្នកជំនាញនៅក្នុងអង្គការសុខភាពពិភពលោកបានទទួលស្គាល់ពីគុណភាពវ៉ាក់សាំងរបស់ថៃតាំងពីថ្ងៃទី ១១ តុលាម្លេះ ក្រោយធ្វើការពិនិត្យនិងពិសោធន៍យ៉ាងហ្មត់ចត់ជាច្រើនដង។

យ៉ាង​ណាក្តី សេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការត្រូវការពេលយូរបន្តិច ព្រោះក្រុមអ្នកជំនាញត្រូវបញ្ជូនសំណើរសុំការអនុញ្ញាតរបស់ពួកគាត់ទៅកាន់ផ្នែកជាច្រើនទៀត មុនពេលមានការសម្រេចចុងក្រោយមួយ។ លោក Warat Karuchit បានបន្តថា វាគឺជាមោទកភាពមួយនេះសម្រាប់ប្រទេសថៃ ដែលថៃមានវ៉ាក់សាំងផលិតក្នុងស្រុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការរាតត្បាតមេរោគជាសលកដូចនេះ ហើយវាក៏អាចជួយឲ្យអាជ្ញាធរសុខាភិបាលថៃសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋថៃបានលឿនផងដែរ ព្រោះថៃនឹងមានវ៉ាក់សាំងផលិតខ្លួនឯងមួយចំនួនបន្ថែមពីលើវ៉ាក់សាំងដែលថៃបានបញ្ជាទិញពីបរទេសយ៉ាងច្រើនរួចហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: