អន្តរជាតិ

វ៉ាក់សាំងកូវីដ Sputnik Light របស់រុស្ស៊ីមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ Delta បាន ៧០% និងត្រូវការចាក់តែ ១ដូសប៉ុណ្ណោះ

BY
Pheakdey
October 14, 2021

រុស្ស៊ី៖ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (Russian Direct Investment Fund) បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី១៣ ខែតុលា ម្សិលមិញថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ថ្មីរបស់រុស្ស៊ីគឺវ៉ាក់សាំង Sputnik Light មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ Delta បានរហូតដល់ ៧០% ក្នុងរយៈពេល ៣ខែក្រោយពេលចាក់ ខណៈវ៉ាក់សាំងប្រភេទនេះត្រូវការចាក់តែមួយដូសប៉ុណ្ណោះ។ តាមបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការអះអាងខាងលើនេះត្រូវបានធ្វើឡើងក្រោយក្រុមអ្នកជំនាញផ្នែកផលិតវ៉ាក់សាំងរុស្ស៊ីបានធ្វើការសិក្សាសាកល្បងវ៉ាក់សាំង Sputnik Light ទៅកាន់ក្រុមអ្នកស្ម័គ្រចិត្តប្រមាណជា ២៨,០០០ នាក់ និងបានធ្វើការប្រៀបធៀបសុខភាពរបស់ក្រុមអ្នកស្ម័គ្រចិត្តទាំងនេះជាមួយពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងចំនួន ៥,៦ លាននាក់ផ្សេងទៀត។

បើតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានបញ្ជាក់ថា សម្រាប់ការប្រឆាំងនឹងមេរោគកូវីដ ១៩ ទូទៅគឺវ៉ាក់សាំង Sputnik Light មានប្រសិទ្ធការពារមិនឲ្យអ្នកជំងឺស្លាប់បាន ៨៣% ខណៈប្រសិទ្ធភាពការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរវិញគឺមានរហូតដល់ ៩៤%។ ក្រុមអ្នកជំនាញរុស្ស៊ីបានបង្ហាញនូវសុទិដ្ឋិនិយមថា នៅក្នុងរយៈពេលមួយឆ្នាំទៀតវ៉ាក់សាំង Sputnik Light នឹងក្លាយជាជម្រើសល្អបំផុតសម្រាប់ការប្រើប្រាស់ប្រឆាំងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក ព្រោះវ៉ាក់សាំងប្រភេទនេះត្រូវការចាក់តែម្តងហើយមានប្រសិទ្ធភាពខ្ពស់ ខុសពីវ៉ាក់សាំងដែលគេកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នដែលទាមទារឲ្យមានការចាក់ច្រើនដង ឬចាក់ចម្រុះប្រភេទគ្នាជាច្រើន ហើយជម្រើសនៃចាក់ដូចនេះក៏អាចបង្កហានិភ័យចំពោះពលរដ្ឋមួយចំនួនដែលប្រព័ន្ធការពាររាងកាយខ្សោយផងដែរ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: