អន្តរជាតិ

កូនក្រមុំម្នាក់បានពាក់មាសទម្ងន់សរុប ៦០គីឡូក្រាមក្នុងថ្ងៃរៀបការ ព្រោះគ្រឿងអលង្ការទាំងនោះជាថ្លៃបណ្ណាការដែលកូនកំលោះបានជូនគាត់

BY
Pheakdey
October 14, 2021

ចិន៖ ជាទូទៅការពាក់គ្រឿងអលង្ការគឺជាផ្នែកមួយនៃការតុបតែងខ្លួន តែសម្រាប់អ្នកខ្លះវិញបានសម្រេចពាក់មាសពេជ្រច្រើនលើសពីការតុបតែងខ្លួនទៅទៀត ព្រោះពួកគេមានហេតុផលផ្ទាល់ខ្លួនផ្សេងៗគ្នាដូចជាការបង្ហាញពីភាពមានបានរបស់ខ្លួន ឬការនិយមធ្វើអ្វីឲ្យប្លែកពីគេដើម។ តួយ៉ាង មានស្រ្តីជាកូនក្រមុំម្នាក់ត្រូវបានគេប្រទះឃើញគាត់ពាក់គ្រឿងអលង្ការជាមាសសុទ្ធពេញខ្លួននៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលគ្រឿងអលង្ការទាំងនោះមានទម្ងន់សរុបរហូតដល់ទៅ ៦០គីឡូក្រាមឯណោះ។

បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅក្នុងខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិនកាលពីពេលថ្មីៗនេះ ខណៈអត្តសញ្ញាណរបស់ស្រ្តីកូនក្រមុំដែលបានពាក់មាសស្រោចខ្លួននោះមិនត្រូវបានគេបង្ហាញជូនឡើយ។ គ្រឿងអលង្ការដែលស្រ្តីរូបនោះបានពាក់មានដូចជាខ្សែកនិងខ្សែដៃធ្វើពីមាស ហើយគ្រឿងអលង្ការទាំងអស់នោះគឺសុទ្ធតែជាបណ្ណាការដែលខាងកូនកំលោះបានជូនឲ្យគាត់ ដូចនេះហើយទើបគាត់សម្រេចពាក់វាទាំងអស់ក្នុងថ្ងៃរៀបការតែម្តង។ ប្រភពខាងលើបានបញ្ជាក់ផងដែរថា ក្រោយពាក់គ្រឿងអលង្ការយ៉ាងច្រើនដូចនេះរួចស្រ្តីជាកូនក្រមុំមិនអាចដើរបានដោយស្រួលនោះទេ ពោលគឺពេលគាត់ដើរត្រូវមានកូនកំលោះជួយគ្រាជានិច្ច៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: