អន្តរជាតិ

រញ្ជួយដីនៅកោះបាលីបានឆក់យកជីវិតមនុស្ស ៣នាក់និងជាច្រើននាក់ទៀតត្រូវរងរបួស

BY
Pheakdey
October 16, 2021

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែតុលានេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅកោះបាលី ដែលជាកន្លែងទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈហេតុការណ៍នេះបានបណ្តាលឲ្យមានមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ។ ក្រៅតែពីមានអ្នកស្លាប់និងរបួស មានពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះជាប​ន្ទាន់ដើម្បីទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេត្រូវដួលរលំនិងបាក់បែកខ្ទេចខ្ទីអស់។

បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៤,៨ រ៉ិចទ័រ និងបានធ្វើឲ្យញ័រដីក្នុងជម្រៅប្រមាណជា ១០ គីឡូម៉ែត្រចុះទៅក្រោម ហើយតំបន់ដែលរងនូវការវាយប្រហារខ្លាងជាងគេនោះគឺនៅតំបន់កំពង់ផែបាលី។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចធ្វើការវាយតម្លៃចំពោះការខាតបង់សរុបបាននៅឡើយទេ ខណៈអ្វីដែលគេបានមើលឃើញជាក់ស្តែងនោះគឺហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនត្រូវបានបំផ្លាញនិងទាមទារឲ្យមានការជួសជុលឡើងវិញដោយប្រើថវិកាយ៉ាងច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: