អន្តរជាតិ

បុរសម្នាក់ទិញទូរស័ព្ទ iPhone 12 តាម Online ក្នុងតម្លៃជាង ៧០០ដុល្លារ តែអ្វីដែលគាត់ទទួលបានគឺសាប៊ូដុសខ្លួនចំនួន ២ដុំ

BY
Pheakdey
October 16, 2021

ឥណ្ឌា៖ ការទិញទំនិញតាម Online គឺជាជម្រើសដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្ននេះ ព្រោះតែវាបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អតិថិជន ពោលគឺពួកគេអាចទិញទំនិញបានគ្រប់មុខដោយមិនចាំបាច់ចំណាយពេលចេញពីផ្ទះនោះទេ។ យ៉ាងណាក្តី ការបោកប្រាស់ក៏តែងកើតមានជារឿយៗផងដែរ ដោយអតិថិជនមួយចំនួនមិនបានទទួលទំ​និញតាមការរំពឹងទុករបស់ពួកគេនោះទេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជនជាតិឥណ្ឌាម្នាក់បានបញ្ជាទិញទូរស័ព្ទ iPhone 12 មួយគ្រឿងក្នុងតម្លៃ ៥៣,០០០ រូពី (៧០៦ ដុល្លារអាមេរិក) តាមរយៈគេហទំព័រ Flipkart ដែលជាផ្សារ Online មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសឥណ្ឌា តែអ្វីដែលគាត់ទទួលបានជាក់ស្តែងនោះគឺជាសាប៊ូចំនួន ២ដុំទៅវិញ។

ប្រភពខាងលើបានបន្តថា ការបោកប្រាក់ក្នុងករណីខាងលើនេះគឺបានកើតឡើងក្នុងអំឡុងពេលដឹកជញ្ជូន ដោយអ្នកដឹកជញ្ជូនបានបន្លំយកទូរស័ព្ទពិតចេញពីក្នុងប្រអប់និងដាក់ជំនួសវិញដោយសាប៊ូដុសខ្លួនចំនួន ២ ដុំ ពេលយកទៅឲ្យអតិថិជន។ ជាសំណាងល្អ ពេលបើកប្រអប់ទូរស័ព្ទនោះបុរសជាអតិថិជនបានថតជាវីដេអូអំពីសកម្មភាពរបស់គាត់ក្នុងគោលបំណងទុកបង្ហោះក្នុងបណ្តាញសង្គម ហើយក្រោយទទួលបានទំនិញក្លែងក្លាយដូចនេះគាត់ក៏បានទាក់ទងទៅកាន់អ្នកលក់ភ្លាមៗដើម្បីធ្វើការតវ៉ា ដោយប្រើប្រាស់វីដេអូដែលគាត់បានថតទុកនោះជាភស្តុតាងតែម្តង។ ក្រោយមានការតវ៉ាដោយមានភស្តុតាងត្រឹមត្រូវនោះ ខាងអ្នកលក់ក៏បានផ្ញើលុយគ្រប់ចំនួនមកឲ្យគាត់វិញផងដែរ ខណៈខាងអ្នកលក់ត្រូវដោះស្រាយបញ្ហានេះជាមួយភ្នាក់ងារដឹកជញ្ជូនជាបន្តទៀតដើម្បីតាមយកទូរស័ព្ទមកវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: