ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនធ្វើឲ្យអាមេរិកភ្ញាក់ផ្អើលតាមរយៈការបាញ់សាកល្បងមីស៊ីល​អ៊ីពែរសូនិកដែលជាមីស៊ីលទំនើបនិងខ្លាំងបំផុតនាពេលបច្ចុប្បន្ន

    BY Pheakdey October 18, 2021
    ចិនធ្វើឲ្យអាមេរិកភ្ញាក់ផ្អើលតាមរយៈការបាញ់សាកល្បងមីស៊ីល​អ៊ីពែរសូនិកដែលជាមីស៊ីលទំនើបនិងខ្លាំងបំផុតនាពេលបច្ចុប្បន្ន

    ចិន៖ កាលពីពេលថ្មីៗនេះកាសែតសដ្ឋកិច្ចក៏ល្បីរបស់ប្រទេសអង់គ្លេស Financial Times បានចុះផ្សាយនូវអត្តបទមួយដែលបង្ហាញថា  កាលពីអំឡុងខែសីហាកន្លងទៅប្រទេសចិនបានបាញ់សាកល្បងនូវគ្រាប់មីស៊ីលដ៏ទំនើបបំផុតមួយ ដែលដំណឹងនេះបានធ្វើឲ្យអាមេរិកក៏ដូចជាពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។ បើតាមការអះអាងរបស់កាសែត Financial Times និងត្រូវបានចុះផ្សាយបន្តដោយកាសែត Bangkok Post នោះបានបញ្ជាក់ថា គ្រាប់មីស៊ីលដែលចិនបានបាញ់នោះគឺជាគ្រាប់មីស៊ីល​អ៊ីពែរសូនិក (Missile hypersonique) ដែលមានសមត្ថភាពនុយក្លែអ៊ែរខ្ពស់ជាងមីស៊ីលបាលីស្ទិកទៅទៀត ហើយចំពោះល្បឿនរបស់មីស៊ីល​អ៊ីពែរសូនិកវិញគឺវាអាចហោះបានលឿនជាងសំឡេងរហូតដល់ទៅ ៥ ដងឯណោះ។ សម្រាប់ការកំណត់គោលដៅវិញគឺមីស៊ីល​អ៊ីពែរសូនិកអាចហោះបានក្នុងគន្លងផ្លូវទាបនិងអាចធ្លាក់ចំផ្ទាំងស៊ីបបានលឿនជាងមីស៊ីលបាលីស្ទិកដែលត្រូវការហោះទៅកាន់ទីខ្ពស់ជាមុនសិន មុននឹងធ្លាក់ចុះមកកាន់ផ្ទាំងស៊ីបវិញ។ លក្ខណៈពិសេសមួយទៀតរបស់ស៊ីល​អ៊ីពែរសូនិកគឺគេអាចបញ្ជាលើវាបានក្នុងអំឡុងពេលដែលវាកំពុងហោះទៅកាន់ផ្ទាំងស៊ីប ដូចនេះគេអាចបញ្ជាវាឲ្យគេចផុតវាប្រព័ន្ធរ៉ាដាបានយ៉ាងងាយទៀតផង។

    គួរធ្វើការចាប់អារម្មណ៍ថា ការបាញ់សាកល្បងមីស៊ីលរបស់ចិនលើកនេះគឺចិនមិនបានប្រកាសជាសាធារណៈឡើយ ហើយរហូតមកទល់នឹងពេលនេះក៏រដ្ឋាភិបាលចិនមិនបង្ហាញប្រតិកម្មអ្វីមួយចំពោះការចុះផ្សាយដំណឹងនេះជាសាធារណៈដែរ ខណៈខាងភាគីអាមេរិកវិញក៏មិនបានធ្វើការ​អត្ថាធិប្បាយអ្វីច្រើនដែរជុំវិញបញ្ហានេះ។ យ៉ាង​ណាក្តី សម្រាប់ក្រុមអ្នកវិភាគបានមើលឃើញថា វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតដែលគេបានដឹងថាប្រទេសចិនបានអភិវឌ្ឍន៍វិស័យយោធារបស់ខ្លួនលឿនដល់ថ្នាក់នេះ ពោលបើគេប្រៀបធៀបតែបច្ចេកវិទ្យាផលិតមីស៊ីលគឺចិនបានដើរលឿនជាអាមេរិកទៅទៀត។ បច្ចុប្បន្ននេះអាមេរិកមានត្រឹមតែប្រព័ន្ធខែលការពារមីស៊ីលប្រភេទបាលីស្ទិកប៉ុណ្ណោះ ហើយគេនៅមិនទាន់ដឹងថាមានប្រទេសណាមួយអាចទប់ស្កាត់មីស៊ីល​អ៊ីពែរសូនិកបាននៅឡើយទេ។ គួរបញ្ជាក់ជូនថា មានតែប្រទេសធំៗចំនួន ៥​ប៉ុណ្ណោះដែលកម្មវិធីផលិតមីស៊ីល​អ៊ីពែរសូនិកដោយក្នុងនោះមានអាមេរិក និងរុស្ស៊ីផងដែរ ខណៈកាលពីពេលថ្មីៗនេះកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលទំនើបចុងក្រោយគេនេះដោយជោគជ័យរួចហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: