ជំនន់ទឹកភ្លៀងនៅតំបន់ភាគខាងត្បូងឥណ្ឌាបានឆក់យកជីវិតមនុស្ស ២៥នាក់និងរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងជំនន់ទឹកភ្លៀង ដែលបានបង្កឡើងយ៉ាងឆាប់រហ័សនៅតំបន់ភាគត្បូងនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងផ្តើមជន់លិចកាលពីយប់ថ្ងៃសុក្រ ទី១៥ ខែតុលាកន្លងទៅ និងបានបង្កជាគ្រោះថ្នាក់ខ្លាំងនៅយប់ថ្ងៃអាទិត្យ ទី១៧ ខែតុលា ហើយខណៈពេលនេះភ្លៀងនៅតែបន្តធ្លាក់និងបណ្តាលឲ្យទឹកឡើងពេញប្រៀបទន្លេនិងដងផ្លូវជាច្រើនកន្លែងផងដែរ។

តាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌាបានឲ្យដឹងផងដែរថា ក្រៅតែពីមានអ្នកស្លាប់ក៏នៅមានពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ខណៈអាជ្ញាធរឥណ្ឌាបានបង្កើតជំរំជួយជនរងគ្រោះប្រមាណជា ១០០កន្លែងផ្សេងគ្នា ដើម្បីឲ្យពលរដ្ឋរងគ្រោះទាំងនេះស្នាក់នៅជាបណ្តោះអាសន្នសិន។ បន្ថែមពីការបង្កគ្រោះថ្នាក់ចំពោះជីវិតមនុស្ស ជំនន់ទឹកភ្លៀងក៏បានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែងផងដែរ។ គួរម្លឹកថា កាលពីឆ្នាំ ២០១៨ កន្លងទៅតំបន់រងគ្រោះខាងលើនេះក៏ធ្លាប់កើតមានជំនន់ទឹកភ្លៀងដូចនេះដែរ ខណៈពេលនោះមានពលរដ្ឋឥណ្ឌាជិត ៥០០នាក់ឯណោះ ដែលបានស្លាប់បាត់បង់ជីវិត៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia