Pfizer ស្នើសុំការអនុញ្ញាតពីអាជ្ញាធរកាណាដាសម្រាប់ការចាក់ជូនពលរដ្ឋអាយុពី ៥-១១ឆ្នាំ
កាណាដា៖ កាលពីថ្ងៃចន្ទ ទី១៨ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer បានដាក់សំណើមួយទៅកាន់អាជ្ញាធរសុខាភិបាលនៃប្រទេសកាណាដាដើម្បីសុំការអនុញ្ញាតចាក់ជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៥-១១ ឆ្នាំ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលអាជ្ញាធរកាណាដាទទួលបានសំណើដូចនេះ ខណៈរហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញកាណាដាកំពុងពិនិត្យសំណើនេះយ៉ាងហ្មត់ចត់បំផុតមុននឹងសម្រេចថា យល់ព្រមឬអត់។

នៅក្នុងសំណើរបស់ក្រុមហ៊ុន Pfizer នោះបានបញ្ជាក់ថា នាពេលកន្លងមកខាងក្រុមហ៊ុនបានធ្វើការសាកល្បងចាក់វ៉ាក់សាំង Pfizer ចំពោះក្រុមពលរដ្ឋវ័យក្មេងចំនួន ២,២៦៨នាក់រួចហើយ ដោយពួកគេមិនទទួលរងផលប៉ះពាល់អ្វីនោះទេក្រោមពេលចាក់រួច។ តាមគម្រោងគឺគេនឹងចាក់វ៉ាក់សាំង Pfizer ក្នុងកម្រិតត្រឹម ១០មីក្រូក្រាមប៉ុណ្ណោះក្នុងមួយដូសសម្រាប់ពលរដ្ឋដែលមានអាយុចាប់ពី ៥-១១ឆ្នាំ ខណៈចំពោះពលរដ្ឋពេញវ័យគឺគេនឹងចាក់ក្នុងកម្រិតច្រើនជាងនេះរហូតដល់ ៣ដង ពោលគឺចាក់ ៣០មីក្រូក្រាមក្នុងមួយដូស។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកាណាដាបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនបានចំនួនជាង ៧២% ហើយ ខណៈកាណាដាមានពលរដ្ឋសរុបចំនួន ៣៨លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia