ថៃសាកល្បងប្រើប្រាស់យន្តហោះដ្រូនដឹកជញ្ជូនថ្នាំពេទ្យជូនអ្នកជំងឺដល់ផ្ទះ
ថៃ៖ កាលពីថ្ងៃពុធ ទី២០ ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុន Thailand Post ដែលជាក្រុមហ៊ុនប្រៃសនីយ៍របស់រដ្ឋាភិបាលថៃបានធ្វើការសាកល្បងប្រើប្រាស់យន្តហោះដ្រូនសម្រាប់ដឹកជញ្ជូនថ្នាំពេទ្យឲ្យក្រុមអ្នកជំងឺមួយចំនួន ដែលគេពិបាកក្នុងការដឹកជញ្ជូនឲ្យពួកគាត់ដោយផ្ទាល់។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងនោះត្រូវបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា Sing Buri ខណៈយន្តហោះដ្រូនដែលគេប្រើប្រាស់ក្នុងការសាកល្បងនោះគឺមានសមត្ថភាពអាចហោះហើរបានក្នុងចម្ងាយប្រមាណជា ៥០០ ម៉ែត្រ។

ប្រភពខាងលើបានបន្តថា គិតមកទល់នឹងពេលនេះក្រុមហ៊ុន Thailand Post បានជ្រើសរើសមន្ទីរពេទ្យជាង ៤០០រួចហើយ ដើម្បីធ្វើការសម្របសម្រួលក្នុងការដឹកជញ្ជូនថ្នាំពេទ្យទៅកាន់ផ្ទះអ្នកជំងឺមួយចំនួនដោយប្រើប្រាស់យន្តហោះដ្រូននេះ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ពីពេលវេលាជាក់ស្តែងដែលគេនឹងចាប់ផ្តើមប្រើប្រាស់សេវាដឹកជញ្ជូនដ៏ទំនើបនេះជាផ្លូវការនៅឡើយទេ។ គួរបញ្ជាក់ថា អ្នកជំងឺគោលដៅដែលស្ថិតក្នុងគម្រោងទទួលបានសេវាកម្មដឹកជញ្ជូនថ្នាំពេទ្យតាមរយៈយន្តហោះដ្រូននេះគឺជាអ្នកជំងឺកូវីដ ១៩ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលហើយត្រូវដាក់ឲ្យព្យាបាលនៅតាមផ្ទះ ខណៈផ្លូវទៅកាន់ផ្ទះរបស់ពួកគាត់គឺពិបាកក្នុងការធ្វើដំណើរដោយរថយន្តឬម៉ូតូខ្លាំងណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍