ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមគ្រូពេទ្យអាមេរិកទទួលបានជោកជ័យក្នុងការសាកល្បងតភ្ជាប់ក្រលានសត្វជ្រូកជាមួយនិងសេរីរាង្គមនុស្ស

    BY Pheakdey October 21, 2021
    ក្រុមគ្រូពេទ្យអាមេរិកទទួលបានជោកជ័យក្នុងការសាកល្បងតភ្ជាប់ក្រលានសត្វជ្រូកជាមួយនិងសេរីរាង្គមនុស្ស

    អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តអាមេរិកទទួលបានជោគជ័យក្នុងការប្រើប្រាស់ក្រលានរបស់សត្វជ្រូកមកភ្ជាប់ជាមួយនិងសេរីរាង្គរបស់មនុស្ស ដើម្បីទាញយកគុណប្រយោជន៍សុខភាពដ៏សំខាន់មួយសម្រាប់មនុស្សជាតិ។ ក្នុងការវះកាត់សាកល្បងនោះគេបានប្រើប្រាស់ក្រលានរបស់សត្វជ្រូកដែលត្រូវបានគេចិញ្ចឹមជាពិសេសរហូតធ្វើឲ្យជ្រូកនោះមានហ្សែនខុសពីជ្រូកធម្មតាទៅតភ្ជាប់ជាមួយនឹងសរសៃឈាមនៅក្នុងជើងរបស់អ្នកជំងឺម្នាក់ ដែលមានជំងឺខួរក្បាលជិតស្លាប់ទៅហើយ តែគាត់នៅបន្តមានដង្ហើមដោយប្រើខ្យល់អ៊ុកស៊ីសែនជាជំនួយ។ សូមបញ្ជាក់ថា អ្នកជំងឺរូបនេះនិងគ្រួសាររបស់គាត់បានស្ម័គ្រឲ្យគេប្រើប្រាស់រាងកាយរបស់គាត់សម្រាប់ធ្វើការពិសោធន៍ក្នុងហេតុផលវេជ្ជសាស្រ្តមុនពេលគាត់ស្លាប់ ហើយរូបគាត់បានដាច់ខ្យល់ស្លាប់ក្នុងរយៈពេល ៥៤ម៉ោងក្រោយការពិសោធន៍ខាងលើនេះ បន្ទាប់ពីគេដកខ្យល់អ៊ុកស៊ីសែនចេញគាត់។

    ការវះកាត់សាកល្បងដែលមានរយៈពេល ២ម៉ោងបានបង្ហាញលទ្ធផលដ៏អស្ចារ្យមួយគឺ ក្រលានរបស់សត្វជ្រូកនោះមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការកាត់បន្ថយម៉ូលេគុល Creatinine ដែលជាប្រភេទម៉ូលេគុលអាក្រក់ធ្វើឲ្យក្រលានរបស់មនុស្សចុះខ្សោយបន្តិចម្តងៗរហូតដល់ដំណាក់កាលត្រូវខូចខ្ទេចនិងទាមទារឲ្យមានការប្តូរក្រលានថ្មីដើម្បីបន្តជីវិតរស់។ គួរបញ្ជាក់ថា លទ្ធផលវិជ្ជមាននៃការវះកាត់ សាកល្បងនេះគឺជាភាពជោគជ័យក្នុងដំណាក់កាលដំបូងមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវបន្តទៀតអំពីលទ្ធភាពនៃការវះកាត់ប្តូរសេរីរាង្គសត្វជំនួសឲ្យសេរីរាង្គមនុស្សនៅពេលអនាគត។ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា ឆ្នាំណាឬពេលណា ទើបក្រុមអ្នកវិទ្យាសាស្រ្តអាចបន្តស្រាវជ្រាវរកឃើញវិធីវះកាត់ដ៏ពិសេសនេះបានដោយជោគជ័យជាផ្លូវការនោះទេ។ សូមបញ្ជាក់ថា ប្រសិនបើគេអាចវះកាត់ប្តូរក្រលានសត្វជ្រូកជំនួសឲ្យក្រលានមនុស្សបានពិតមែន គឺវានឹងអាចជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញពិភពលោកបានច្រើនខ្លាំងណាស់ ជាក់ស្តែងយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋអាមេរិកប្រមាណជា ៩០,០០០នាក់ ដែលកំពុងរង់ចាំវះកាត់ប្តូរក្រលានជាចាំបាច់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: