ក្រុមគ្រូពេទ្យនៅកាណាដាបានប្រើដ្រូនដឹកជញ្ជូនសួតមនុស្សសម្រាប់វះកាត់ពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយដើម្បីសង្គ្រោះជីវិតអ្នកជំងឺម្នាក់ឲ្យទាន់ពេលវេលា
កាដាណា៖ កាសែត បាងកកប៉ុស្តិ៍័ បានរាយការណ៍ថា ក្រុមគ្រូពេទ្យនៅប្រទេសកាណាដាបានប្រើប្រាស់យន្តហោះដ្រូន ដើម្បីដឹកជញ្ជូនសួតមនុស្សសម្រាប់ធ្វើការវះកាត់ពីមន្ទីរពេទ្យមួយទៅកាន់មន្ទីរពេទ្យមួយ ព្រោះ ដ្រូនអាចហោះបានលឿននិងអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ យន្តហោះដ្រូនដែលគេប្រើប្រាស់នោះមានទម្ងន់ ១៥,៥ គីឡូ ហើយវាត្រូវបានគេបង្ហោះចេញពីលើដំបូងមន្ទីរពេទ្យ Toronto Western Hospital ទៅកាន់មន្ទីរពេទ្យ Toronto General Hospital នៅក្នុងយប់មួយដែលមានជំងឺត្រូវការវះកាត់ផ្លាស់ប្តូរសួតជាបន្ទាន់។

ប្រភពខាងលើបានបន្តថា ចម្ងាយផ្លូវដែលយន្តហោះដ្រូនបានហោះគឺមានប្រវែង ១,២ ម៉ែត្រ ដោយដ្រូនបានធ្វើដំណើរមិនដល់ ១០ នាទីផង ខណៈបើគេប្រើប្រាស់មនុស្សសម្រាប់ធ្វើការដឹកជញ្ជូនវិញគឺគេនឹងត្រូវការពេលវេលាយូរជាងនេះ ព្រោះផ្លូវដែលគេត្រូវធ្វើដំណើរនោះគឺជាផ្លូវដែលស្ទះចរាចរណ៍ខ្លាំងបំផុត។ បើតាមក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យខាងលើនេះបានបញ្ជាក់ថា សួតដែលយន្តហោះដ្រូនបានដឹកជញ្ជូននោះបានជួយសង្គ្រោះបុរសជាជនរងគ្រោះអាយុ ៦៣ឆ្នាំ ដែលមានជំងឺស្វិតសួត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍័