ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនអនុម័តច្បាប់អប់រំថ្មីមួយដើម្បីជួយកាត់បន្ថយសម្ពាធនៃការធ្វើកិច្ចការសាលារបស់ក្រុមកូនសិស្ស

    BY Pheakdey October 23, 2021
    ចិនអនុម័តច្បាប់អប់រំថ្មីមួយដើម្បីជួយកាត់បន្ថយសម្ពាធនៃការធ្វើកិច្ចការសាលារបស់ក្រុមកូនសិស្ស

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសោរ៍ ទី២៣ ខែតុលានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសចិនបានអនុម័តច្បាប់អប់រំថ្មីមួយ ដែលមាននិន្នាការកាត់បន្ថយសម្ពាធទ្វេដងសម្រាប់ក្រុមកូនសិស្សពីការធ្វើកិច្ចការផ្ទះ និងការរៀនក្រៅម៉ោងបន្ថែមពីការរៀននៅក្នុងសាលា។ បើតាមសភាចិនបានឲ្យដឹងថា ការអនុវត្តច្បាប់ខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ឲ្យក្រុមពលរដ្ឋវ័យក្មេងមានពេលសម្រាកច្រើន មានពេលសម្រាប់ធ្វើសកម្មភាពកីឡាច្រើន និងចង់ឲ្យពួកគេមានអារម្មណ៍ស្រស់ថ្លាជាងមុន ដ្បិតនាពេលកន្លងមកក្រុមកូនសិស្សនៅទូទាំងប្រទេសចិនត្រូវចំណាយពេលច្រើនណាស់សម្រាប់ធ្វើកិច្ចការសាលា រៀនបន្ថែម និងអង្គុយស្រាវជ្រាវនៅមុខកញ្ចក់កុំព្យូរទ័រជាដើម។

    ក្រៅតែពីបានអនុម័តច្បាប់មួយនេះ សភាចិនក៏គ្រោងនឹងបង្កើតច្បាប់ពិន័យដល់ម្តាយឪពុកផងដែរ ប្រសិនបើកូនៗរបស់ពួកគាត់ប្រព្រឹត្តសកម្មភាពមិនសមរម្យនៅក្នុងសង្គម ឬប្រព្រឹត្តបទល្មើសណាមួយ។ ច្បាប់ដែលសភាចិនគ្រោងនឹងបង្កើតនេះគឺមានគោលបំណងចង់ដាក់សម្ពាធឲ្យម្តាយឪពុកគ្រប់រូប ត្រូវចេះចំណាយពេលវេលាតាមដាននិងអប់រំកូនរបស់ពួកគាត់ឲ្យបានច្រើន ដើម្បីឲ្យក្មេងៗទាំងនោះក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។ គួររម្លឹកថា នៅក្នុងឆ្នាំនេះចិនបានបង្កើតច្បាប់ជាច្រើនដែលផ្តោតសំខាន់ទៅលើពលរដ្ឋវ័យក្មេង ដូចជាកំណត់ឲ្យក្មេងអាយុក្រោម ១៨ ឆ្នាំអាចលេងហ្គេម Online បានត្រឹម ៣ម៉ោងក្នុងមួយសប្តាហ៍ និងកំណត់ឲ្យក្មេងអាយុក្រោម ១៤ឆ្នាំអាចប្រើប្រាស់បណ្តាញសង្គម TikTok បានត្រឹម ៤០ នាទីក្នុងមួយថ្ងៃនៅចន្លោះពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ ខណៈដែលការអនុ​វត្តច្បាប់ទាំងនេះគឺមានគោលបំណងការពារមិនឲ្យពលរដ្ឋវ័យក្មេងញៀននឹងសកម្មភាពកំសាន្តទាំងនេះជ្រុលហួសហេតុរហូតភ្លេចការរៀនសូត្រ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: