ជំនន់ទឹកភ្លៀងនៅប្រទេសឥណ្ឌាបង្ខំឲ្យកូនកំលោះកូនក្រមុំមួយគូត្រូវជិះខ្ទះធំមួយទៅកន្លែងរៀបការ(មានវីដេអូ)
ឥណ្ឌា៖ ជំនន់ទឹកភ្លៀងនៅប្រទេសឥណ្ឌាបានបង្ខំឲ្យកូនកំលោះនិងកូនក្រមុំមួយគូត្រូវជិះខ្ទះធំមួយដើម្បីទៅកន្លែងរៀបការក្រោយពីទឹកបានជន់លិចពេញភូមិយ៉ាងឆាប់រហ័ស ខណៈពលរដ្ឋនៅក្នុងភូមិមិនបានត្រៀមមធ្យោបាយសម្រាប់ធ្វើដំណើរនៅលើទឹកដូចជាទូក ឬក្បូននោះទេ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងរដ្ឋ Kerala ភាគខាងជើងនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាពាហ៍ពិពាហ៍ខាងលើនេះត្រូវរៀបចំឡើងដោយមានភ្ញៀវជាច្រើនចូលរួម តែដោយសារមានទឹកជំនន់យ៉ាងឆាប់រហ័សដូចនេះគេក៏បានកែប្រែមករៀបចំពិធីបែបតូចតាចវិញដើម្បីកុំឲ្យភ្ញៀវពិបាកធ្វើដំណើរទៅចូលរួមព្រោះសូម្បីតែកន្លែងសម្រាប់រៀបចំពិធីការនោះក៏ត្រូវទឹកជន់លិចផងដែរ។ គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្នុងរដ្ឋ Kerala ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានឆក់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ២៨នាក់ហើយ ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ផងដែរ៕
VIDEO A couple in India’s southern state of Kerala use a large cooking pot borrowed from a temple to get through floodwaters and reach their wedding venue pic.twitter.com/fYk82XTD7Q
— AFP News Agency (@AFP) October 18, 2021
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz