ចិនព្រមានពីលទ្ធភាពនៃការរាតត្បាតកូវីដ ១៩ ប្រភេទ Delta នៅក្នុងសហគមន៍ ខណៈអាជ្ញាធរបានរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ខេត្តចំនួន ១១
ចិន៖ អ្នកជំនាញចិនបានព្រមានអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ១៩ ជាច្រើនករណីបន្ថែមទៀតនៅក្នុងខេត្តមួយចំនួន ក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញករណីផ្ទុះការចម្លងនៅក្នុងសហគមន៍ទ្រង់ទ្រាយធំមួយកាលពីពេលថ្មីៗនេះ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការព្រមាននេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៤ ខែតុលាម្សិលមិញនេះ និងត្រូវបានធ្វើឡើងដោយលោក Mi Feng ដែលជាអ្នកនាំពាក្យឲ្យគណៈកម្មការសុខភាពជាតិនៃប្រទេសចិន។

គួររម្លឹកថា កាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលចិនបានរកឃើញករណីរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ជាង ១០០ ករណីក្នុងចំណោមក្រុមអ្នកទេសចរណ៍ចំនួន ១៣ ក្រុម ខណៈរហូតមកទល់នឹងពេលនេះពួកគេបានធ្វើដំណើរឆ្លងកាត់ខេត្តចំនួន ១១ ទៀតផង។ ទន្ទឹមនឹងធ្វើការព្រមានខាងលើនេះអ្នកជំនាញចិនក៏បានជំរុញឲ្យអាជ្ញាធរនៅតាមខេត្តដែលជាប់ពាក់ព័ន្ធខាងលើត្រូវរឹតបន្តឹងការធ្វើដំណើរឆ្លងខេត្តមួយរយៈសិន បន្ថែមការយកចិត្តទុកដាក់និងតាមដានសុខភាពចំពោះក្រុមពលរដ្ឋដែលមានការពាក់ព័ន្ធក្នុងករណីចម្លងនេះឲ្យបានហ្មត់ចត់ ដើម្បីកាត់ផ្តាច់ចង្វាក់នៃការចម្លងឲ្យបានទាន់វេលា។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋបានជាង ៧៥% ឬស្នើនឹងចំនួនប្រជាពលរដ្ឋប្រមាណជា ១,០៦៨ ពាន់លាននាក់ហើយ ខណៈចិនមានពលរដ្ឋសរុប ១,៤០២ ពាន់លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia