ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាអ៊ីនធឺណិតម្នាក់ live វីដេអូផឹកថ្នាំពុលដើម្បីទាក់ទាញការចាប់អារម្មណ៍ តែក៏ផឹកជ្រុលរហូតពុលស្លាប់មែនទែន

    BY Pheakdey October 26, 2021
    តារាអ៊ីនធឺណិតម្នាក់ live វីដេអូផឹកថ្នាំពុលដើម្បីទាក់ទាញការចាប់អារម្មណ៍ តែក៏ផឹកជ្រុលរហូតពុលស្លាប់មែនទែន

    ចិន៖ ស្រ្តីជា Influencer ឬតារាល្បីតាមបណ្តាញអ៊ីនធឺណិតនៅក្នុងប្រទេសចិនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់ព្យាយាមផឹកថ្នាំសម្លាប់សត្វល្អិតដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា ហើយក៏ផឹកជ្រុលរហូតពុលស្លាប់តែម្តង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ស្រី្តជាជនរងគ្រោះរូបនេះមានឈ្មោះថា Luo ជាបុគ្គលម្នាក់ដែលមានឈ្មោះល្បីល្បាញនៅលើបណ្តាញសង្គម Douyin (កម្មវិធី TikTok កំណែពិសេសសម្រាប់ប្រើប្រាស់តែនៅក្នុងប្រទេសចិន) ហើយជាធម្មតាគាត់តែងទទួលផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុនធំៗមួយចំនួន ព្រោះគណនីបណា្តញសង្គមរបស់គាត់មានអ្នកគាំទ្រជាច្រើន។

    យ៉ា​ងណាក្តី កាលពីពេលថ្មីៗនេះតារាអ៊ីនធឺណិតដ៏ស្រស់ស្អាតរូបនេះបានធ្វើការ live វីដេអូនិយាយរៀបរាប់អំពីរឿងរ៉ាវពិបាកចិត្តមួយដែលជាវិបត្តិផ្ទាល់ខ្លួនរបស់គាត់ ខណៈនៅក្បែរគាត់នោះមានថ្នាំសម្លាប់សត្វល្អិតមួយដបទៀតផង។ ដោយប្រទះឃើញដបថ្នាំសម្លាប់សត្វល្អិតនោះ ក្រុមអ្នកគាំទ្រមាត់ឆៅមួយចំនួនបានប្រាប់ឲ្យគាត់ផឹកថ្នាំសម្លាប់សត្វល្អិតនោះតែម្តងទៅដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាង។ ក្រោយមានការញុះញង់ច្រើនពីសំណាក់ក្រុមអ្នកគាំទ្រ អ្នកនាង Luo ក៏បានផឹកថ្នាំសម្លាប់សត្វនោះមែន តែការផឹកថ្នាំពុលនោះត្រូវបានមិត្តភក្តិរបស់គាត់ម្នាក់ទម្លាយឲ្យដឹងថា គឺគាត់មានបំណងចង់ផឹកក្នុងបរិមាណតិចតួចដើម្បីទាក់ទាញការចាប់ពីអារម្មណ៍ក្រុមអ្នកគាំទ្រនិងអតីតមិត្តប្រុសរបស់គាត់ប៉ុណ្ណោះ​ ពោលគឺគាត់គ្មានចេតនាចង់សម្លាប់ខ្លួននោះទេ។ ក្នុងពេល live វីដេអូផឹកថ្នាំពុលនោះ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលមើលសកម្មភាពដ៏គ្រោះថ្នាក់របស់អ្នកនាង Luo ហើយភ្លាមៗនោះគាត់គ្មានអាការៈអ្វីគួរឲ្យកត់សម្គាល់នោះទេ។​ ក៏ប៉ុន្តែក្រោយចប់ការ live វីដេអូ ថ្នាំពុលក៏បានបច្ចេញឥទ្ធិពលខ្លាំងៗឡើងរហូតគេត្រូវបញ្ជូនអ្នកនាង Luo ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ តែជាអកុសលខាងគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតគាត់បានទាន់ពេលវេលានោះទេ ហើយគាត់ក៏ត្រូវដាច់ខ្យល់ស្លាប់នៅថ្ងៃបន្ទាប់តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: