ក្រុមអ្នកជំនាញអាមេរិកគាំទ្រឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះពលរដ្ឋវ័យក្មេងអាយុចាប់ពី ៥ដល់១១ឆ្នាំ
អាមេរិក៖ ក្រុមអ្នកជំនាញរបស់រដ្ឋបាលផ្នែកចំំណីអាហារនិងឱសថអាមេរិកបានបោះឆ្នោតគាំទ្រឲ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំពោះក្រុមពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៥ដល់១១ឆ្នាំហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមក្រុមដោយអ្នកជំនាញទាំងនោះបានអះអាងថា គុណប្រយោជន៍នៃចាក់វ៉ាក់សាំងនេះគឺមានទំហំធំធេងជាងហានិភ័យដែលអាចកើតមាន ព្រោះថាបើគេមិនចាក់វ៉ាក់សាំងប្រភេទនេះចំពោះក្រុមពលរដ្ឋវ័យក្មេងទេ គឺពួកគេងាយនឹងឆ្លងជំងឺកូវីដ ១៩ ប្រភេទ Delta ខ្លាំងណាស់។

ជាក់ស្តែងបើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលអាមេរិកបានបង្ហាញថា គិតត្រឹមពេលនេះមានកុមារនៅអាមេរិកប្រមាណជា ៥០០នាក់ ដែលបានស្លាប់បាត់បង់ជីវិតព្រោះតែជំងឺកូវីដ ១៩។ គួរបញ្ជាក់ថា តាមគម្រោងគឺអាមេរិកនឹងត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងជាង ២៨លាននាក់ ដែលត្រូវត្រលប់មកកាន់សាលារៀននិងត្រូវរៀនជុំគ្នាជាធម្មតាវិញ។ ចំពោះការចាក់វ៉ាក់សាំងជាទូទៅវិញគិតត្រឹមពេលនេះអាមេរិកបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបាន ៥៧%ហើយ ខណៈអាមេរិកមានពលរដ្ឋជាង ៣៣០លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia