ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃបញ្ជាក់ថា ការរកឃើញមេរោគ Delta Plus នៅក្នុងសហគមន៍មិនប៉ះពាល់ដល់គម្រោងបើកប្រទេសនៅខែក្រោយនោះទេ

    BY Pheakdey October 27, 2021
    អាជ្ញាធរថៃបញ្ជាក់ថា ការរកឃើញមេរោគ Delta Plus នៅក្នុងសហគមន៍មិនប៉ះពាល់ដល់គម្រោងបើកប្រទេសនៅខែក្រោយនោះទេ

    ថៃ៖ លោក Sathit Pitutecha ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃបានប្រាប់ឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ប្រភេទ Delta Plus នៅក្នុងសហគមន៍នឹងមិនធ្វើឲ្យប៉ះពាល់ដល់គម្រោងបើកប្រទេសដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិនោះទេ។ គួររម្លឹកថា តាមគម្រោងគឺនៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះអាជ្ញាធរថៃនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍មកពីប្រទេសមានហានិភ័យទាបនៃការរាតត្បាតជំងឺកូវីដ ១៩ អាចចូលមកកំសាន្តនៅក្នុងប្រទេសខ្លួនបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ខណៈប្រទេសទាំងនោះមានចំនួន ៤៥រួមទាំងប្រទេសកម្ពុជាផងដែរ។

    យ៉ាងណាក្តី មិនទាន់នឹងដល់ពេលអនុវត្តផែនការផងស្រាប់តែកាលពីថ្ងៃម្សិលមិញនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីចម្លងមេរោគកូវីដ ១៩ ប្រភេទ Delta Plus មួយករណី ខណៈមេរោគប្រភេទនេះត្រូវបានគេចាត់ទុកថាមេរោគដ៏កាចសាហាវបំផុតមួយ ពោលគឺវាអាចចម្លងខ្លាំងជាងមេរោគ Delta រហូតដល់ ១៥%ឯណោះ។ ក្រោយការរកឃើញនេះក្រុមអ្នកជំនាញថៃមួយចំនួនបានបង្ហាញនូវក្តីបារម្ភថា​ មេរោគ Delta Plus អាចបន្តរាតត្បាតជាច្រើនករណីបន្ថែមទៀត ជាពិសេសនៅពេលមានភ្ញៀវទេសចរណ៍មកដើរកំសាន្ត ព្រោះតាមធម្មតាក្រុមអ្នកទេសចរណ៍តែងធ្វើដំណើរឆ្លងកាត់ខេត្តក្រុងជាច្រើននៅទូទាំងប្រទេស ដែលពួកគេនឹងក្លាយជាភ្នាក់ងារចម្លងមេរោគពីកន្លែងមួយទៅកាន់កន្លែងមួយតែម្តង។បើទោះជាយ៉ាងនេះក្តី លោក Sathit Pitutecha បានអះអាងថា​ គ្មានការលុបចោលផែនការបើកប្រទេសឡើយ ព្រោះការចម្លងមេរោគប្រភេទ Delta Plus នោះស្ថិតនៅក្នុងកម្រិតមួយដែលគេអាចគ្រប់គ្រងបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: