សង្គម

ក្លាហានមែន! ក្មេងស្រីម្នាក់មកសុំឲ្យ ឯកឧត្តម ម៉ៅ ធនិន ជួយដោះស្រាយរឿងដីធ្លីឪពុកម្តាយ

BY
Liny Chan
October 30, 2021

ពិតជាគួរឱ្យគោរព និងកោតសរសើរមែនចំពោះឯកឧត្តម ម៉ៅ ធនិន បន្ទាប់ពីផ្លាស់មកកាន់ខេត្តកំពតភ្លាម ឯកឧត្តមបានចូលរួមដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាច្រើនករណី សូម្បីតែថ្ងៃឈប់សម្រាក។ ជាក់ស្ដែង កាលពីថ្ងៃសុក្រ ទី ២៩ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តមបានបើកការដោះស្រាយជូនប្រជាពលរដ្ឋដោយមិនគិតថា ជាថ្ងៃឈប់សម្រាក ឬ ខ្លាចហត់នឿយអ្វីឡើយ។

នៅក្នុងនោះដែរ ឯកឧត្តមបានជួយដោះស្រាយជម្លោះលើរឿងដីធ្លី និងអាហារកិច្ចដល់គ្រួសារមួយដែលមានជម្លោះបែកបាក់គ្នា បន្សល់កូន ២នាក់នៅក្នុងបន្ទុកសម្រាប់ស្រ្តីជាម្ដាយ។ នៅក្នុងជំនួបពិភាក្សាវែកញែក ក្មេងស្រីជាកូន ដ៏ក្លាហានបានស្នើសុំទៅឯកឧត្តម ឱ្យជួយកាត់ក្ដីលើរឿងដីធ្លីទំហំ ១៧ ម៉ែត្រ និងដីមួយកន្លែងទៀត។

បន្ទាប់ពីដោះស្រាយយ៉ាងតឹងតែងអស់ពេលជាង ១ម៉ោង ឯកឧត្តមបានស្នើសុំឱ្យខាងឪពុកបំពេញអាហារកិច្ចចំនួន ២០ម៉ឺនរៀលទៅដល់កូនទាំងពីរនាក់ រហូតដល់កូនធំអាចរកការងារបាន​។ ទន្ទឹមនឹងនោះឯកឧត្តមបានជួយសម្រាលបន្ទុកទៅខាងម្ដាយដោយឧបត្ថម្ភជាអង្ករក្នុងមួយខែ ៣០គីឡូក្រាមសម្រាប់ហូបចូក។

ដោយឡែកចំពោះរឿងដីធ្លី ទាំងពីរកន្លែង គឺដីមួយកន្លែងឯកឧត្តមស្នើឱ្យឪពុកឱ្យដីចំនួន ១០ម៉ែត្រទៅឱ្យប្រពន្ធ​ និងកូនសម្រាប់ធ្វើផ្ទះស្នាក់នៅដោយមិនមានការជួញ-ដូរដីនោះឡើយ និងផ្ដល់ប្រាក់បន្ថែមចំនួន ២ពាន់ដុល្លារសម្រាប់ចំណែកដី ១ម៉ែត្របន្ថែមដែលកូនៗ និងអតីតប្រពន្ធទាមទារ។ ចំពោះដីមួយកន្លែងផ្សេងទៀត ដោយសារតែរឿងរ៉ាវផ្ទាល់ខ្លួនរវាងប្ដី និងប្រពន្ធស្មុគស្មាញ ហើយឱពុកមិនព្រមកាត់ដីឱ្យ ដោយសារជាកម្លាំងញើសឈាមខ្លួន ឯកឧត្តមបានស្នើឱ្យឪពុកបង្កើតចំណែកសម្រាប់កូនៗទាំងពីរលើដីធ្លីនោះ មិនថាពេលលក់ដីនោះបាន ឬ ទុកជាកេរមរតក។

ជាលទ្ធផលភាគីម្ដាយ កូន និងឪពុកបានឯកភាពគ្នាចំពោះការដោះស្រាយរបស់ឯកឧត្តម ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធកត់ត្រា និងធ្វើក្រដាសស្នាម។ នៅក្នុងអំឡុងពេលនោះដែរ ដោយការស្រលាញ់ និងកោតសរសើរចំពោះភាពក្លាហានរបស់កូនស្រីតូច និងកូនប្រុសដែលហ៊ានជួប និងស្នើឯកឧត្តមដើម្បីដោះស្រាយ រកយុត្តិធម៌ ឯកឧត្តមបានផ្ដល់ជាថវិកាលើកទឹកចិត្តម្នាក់ ១០០ដុល្លារ ទុកសម្រាប់ការសិក្សា។ សូមទស្សនាវិដេអូពេញនៃការដោះស្រាយរបស់ឯឧត្តម ម៉ៅ ធនិន ៖

អត្ថបទ៖ លីនី

Share This Post: