គិតត្រឹមដើមខែវិច្ឆិកានេះ កូវីដ ១៩ បានសម្លាប់មនុស្សជាង ៥លាននាក់និងចម្លងទៅមនុស្សនៅជុំវិញពិភពលោកជាង ២៤៧លាននាក់
ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងនូវការអបអរថ្ងៃដំបូងនៃខែវិច្ឆិកានេះ បណ្តាញសារព័ត៌មាន The Thaiger ក៏បានចុះផ្សាយនូវអត្ថបទមួយ ដែលជារបាយការណ៍សង្ខេបអំពីចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងដែរដោយគិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកានេះ។ បើតាមប្រភពខាងលើបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកានេះ ការរាតត្បាតនៃជំងឺកូវីដ ១៩ ជាសកលគឺមានរយៈពេល ២២ ខែ ហើយកូវីដ ១៩ បានចម្លងទៅកាន់មនុស្សជាង ២៤៧លាននាក់ និងសម្លាប់មនុស្សជាង ៥ លាននាក់។

ប្រភពខាងលើបានបន្តថា អាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោក។ ចំពោះប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេលំដាប់ទី ២វិញគឺប្រទេសឥណ្ឌា និងទី ៣គឺប្រទេសប្រេស៊ីល តែបើនិយាយពីចំនួនអ្នកស្លាប់ច្រើនវិញគឺប្រេស៊ីលនៅលំដាប់ទី ២ ខណៈឥណ្ឌានៅលំដាប់ទី ៣។ ដូចមានន័យថា ឥណ្ឌាមានអ្នកឆ្លងច្រើនជាងប្រេស៊ីល តែប្រេស៊ីលមានចំនួនអ្នកស្លាប់ច្រើនជាងឥណ្ឌាទៅវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger