សង្គម

ម្ចាស់វិដេអូលើ Tiktok ដែលធ្វើអោយប៉ះពាល់ដល់សាសនារដ្ឋ បានចេញសារសុំទោស និងលុបវិដេអូនោះចេញ ហើយនាងសង្ឃឹមថាបងប្អូនអភ័យទោសអោយនាងផង

BY
Khmernote Media
November 1, 2021

កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា និងជាព្រះសង្ឃវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ បានចេញប្រតិកម្មចំពោះបុគ្គល២រូបដែលម្នាក់តែងខ្លួនជាព្រះសង្ឃ បើតុបតែងខ្លួនជាខ្មោចរាំលេងសប្បាយថតបង្ហោះពេញបណ្តាញសង្គម Tiktok ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាសនារបស់រដ្ឋ។

មុននេះបន្តិចដែរម្ចាស់វិដេអូ ដែលមានគណនី Facebook ឈ្មោះថា ភី សម័យ បានបង្ហោះសារសុំទោសមហាជនដោយនាងបានរៀបរាប់ថា៖ “នាងខ្ញុំសុំទោសដែលបានថត Video Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ”។ គួរបញ្ជាក់ផងដែរថា ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានបង្ហោះសារនៅលើហ្វេសប៊ុកដោយប្រតិកម្មថា “តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ប្រសិនបើជាខ្មែរយើងមែន គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ យករូបភាពសាសនាជាសាសនារបស់រដ្ឋមកលេងសើច ។ ផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។ (ក្នុងករណីថា សាមីជននិយាយសុំទោសហើយចប់ តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បាប់ដែលអនុមតិដោយអង្គនីតិប្បញ្ញតិ្តនៅត្រង់ណា ? សូមពិចារណាដោយយោនិសោមនសិការៈ)។”

Share This Post: