ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងណែនាំឲ្យពលរដ្ឋខ្លួនកាត់បន្ថយការទទួលទានអាហាររហូតឆ្នាំ ២០២៥ ដោយសារតែកត្តាបែបនេះ

    BY Pheakdey November 2, 2021
    កូរ៉េខាងជើងណែនាំឲ្យពលរដ្ឋខ្លួនកាត់បន្ថយការទទួលទានអាហាររហូតឆ្នាំ ២០២៥ ដោយសារតែកត្តាបែបនេះ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានណែនាំឲ្យប្រជាពលរដ្ឋខ្លួនត្រូវបរិភោគអាហារក្នុងបរិមាណតិចតួចរហូតដល់ឆ្នាំ ២០២៥ ដ្បិតកូរ៉េខាងជើងកំពុងប្រឈមនឹងបញ្ហាស្បៀងអាហារ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា បញ្ហាខ្វះខាតស្បៀងអាហារដែលកូរ៉េខាងជើងត្រូវប្រឈមក្នុងរយៈ ៤ឆ្នាំបន្ទាប់ទៀតនោះគឺបង្កឡើងដោយកត្តាជាច្រើនមានដូចជា គ្រោះធម្មជាតិ វិបត្តិសកលនៃការរាតត្បាតជំងឺកូវីដ ១៩ និងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិជាដើម។

    ប្រភពខាងលើបានបន្តទៀតថា​ ក្នុងអំឡុងពេលដែលប្រទេសត្រូវស្ថិតក្នុងគ្រាមានអាសន្នដូចនេះ របបក្រុងព្យុងយ៉ាងបានណែនាំឲ្យពលរដ្ឋងាកមកបរិភោគសាច់សត្វក្ងានខ្មៅវិញម្តង ដើម្បីជំនួសឲ្យសាច់សត្វផ្សេងទៀតដែរពិបាករក។ មេដឹកនាំនៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ថែមទាំងបានលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនបង្កើតកសិដ្ឋានចិញ្ចឹមសត្វក្ងានខ្មៅឲ្យបានច្រើននៅទូទាំងប្រទេសទៀតផង ព្រោះសត្វប្រភេទនេះអាចនឹងងាយចិញ្ចឹមជាងសត្វផ្សេងទៀតសម្រាប់លក្ខខណ្ឌនៅក្នុងប្រទេសកូរ៉េខាងជើង។

    ជុំវិញបញ្ហានេះមានពលរដ្ឋកូរ៉េខាងជើងមួយចំនួនលើកឡើងថា ពួកគេអាចនឹងអត់អាហារស្លាប់មុនឆ្នាំ ២០២៥ ទៅទៀត ពោលគឺអាចដាច់ពោះស្លាប់នៅឆ្នាំក្រោយតែម្តង ព្រោះពួកគេកំពុងតែប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារតាំងពីពេលនេះរួចទៅហើយ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងមានពលរដ្ឋសរុបប្រមាណជា ២៦លាននាក់ ហើយភាគច្រើនពលរដ្ឋកូរ៉េខាងជើងគឺមិនសូវមានជីវភាពធូរធារនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Next Shark

    Share This Post: