សង្គម

ពិតជាដំណឹងរីករាយមែន ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយឧបត្ថម្ភក្មេងប្រុសកម្សត់គ្មានស្បែកជើងពាក់ទៅរៀន ចំនួន២០លានរៀល

BY
Khmernote Media
November 2, 2021

នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការបង្ហោះរូបថតក្មេងប្រុសម្នាក់ដែលបានចូលរៀនជាមួយការពាក់ម៉ាស់ និងពាក់កាតសម្គាល់ចាក់វ៉ាក់សាំង ទាំងខ្លួនមិនមានសូម្បីស្បែកជើងពាក់ទៅរៀន ក្នុងនោះសម្តេចតេជោ ក៏បានកោតសរសើរចំពោះការតស៊ូរបស់ក្មេងប្រុសរូបនោះដែលចង់រៀនសូត្រថែមទៀតផង។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានបង្ហាញអត្តសញ្ញាណក្មេងប្រុសរូបនោះផងដែរ ដោយក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ទន្ទឹមនឹងនេះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសថាឧបត្ថម្ភដល់ក្មេងប្រុសរូបនេះចំនួន២០លានរៀលផងដែរ ដោយអ្នកឧកញ៉ា បានរៀបរាប់ថា៖ “ក្មួយប្រុសពូជួយសម្ភារៈក្មួយ20លានរៀលសម្រាប់ការសិក្សានិង ឪពុកម្ដាយរបស់ក្មួយ ការពិតទៅក្មួយមានសំណាងណាស់ ដែលមានឱកាសចូលរៀន ក្មួយត្រូវតែតស៊ូ បើប្រទេសយើងគ្មានសន្តិភាពទេ សូម្បីការរៀនសូត្រក៏យើងមិនអាចរៀនបានដែរ ពូគ្មានពាក្យអ្វីច្រើនទេ មានតែពាក្យថាក្មួយតស៊ូ សូមគ្រួសារឬតំណាងគាត់ ទាក់ទងក្រុមការងារពូ 070 451 400”

Share This Post: