អាជ្ញាធរក្រុងបាងកកសម្រេចហាមឃាត់មិនឲ្យពលរដ្ឋបាញ់កាំជ្រួចនិងបង្ហោះគោមក្នុងពិធីបុណ្យ Loy Krathong នៅក្នុងឆ្នាំនេះ
ថៃ៖ កាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ម្សិលមិញនេះ លោក Aswin Kwanmuang ដែលជាអភិបាលនៃគណៈអភិបាលក្រុងបាងកកបានចេញមកប្រកាសជាសាធារណៈថា អាជ្ញាធរក្រុងបាងកកនឹងធ្វើការហាមឃាត់មិនឲ្យមានការបាញ់កាំជ្រួច បង្ហោះគោម និងដុតផាវនោះទេនៅក្នុងពិធីបុណ្យ Loy Krathong នៅក្នុងឆ្នាំនេះ ដែលតាមគម្រោងគឺពិធីបុណ្យនេះនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខនេះ។

លោក Aswin Kwanmuang
លោក Aswin Kwanmuang បានអំពាវនាវឲ្យក្រុមអ្នកផលិត និងចែកចាយនូវឧបករណ៍ដែលបានហាមឃាត់ខាងលើត្រូវចូលរួមសហការណ៍ជាមួយនឹងអាជ្ញាធរផងដែរ ទើបបំរាមមួយនេះមានប្រសិទ្ធភាពខ្ពស់។ អភិបាលក្រុងរូបនេះបានបញ្ជាក់ថា អ្នកដែលល្មើសនឹងបំរាមខាងលើនេះ ពោលគឺនៅបន្តបាញ់កាំជ្រួច បង្ហោះគោម ឬដុតផាវជាដើម នឹងត្រូវពិន័យជាប្រាក់ចំនួន ៦០,០០០បាត ( ១,៨០០ ដុល្លារអាមេរិក) ឬជាប់គុករហូតដល់ ៣ ឆ្នាំឬក៏ត្រូវអនុវត្តទោសទាំងការផាកពិន័យនិងជាប់គុករួមគ្នាតែម្តងក្នុងករណីធ្ងន់ធ្ងរ។ ក្រៅតែពីសកម្មភាពដែលបានហាមឃាត់ខាងលើនេះ សកម្មភាពផ្សេងៗនៃពិធីបុណ្យត្រូវបន្តរៀបចំឡើងជាធម្មតា៕


អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand