WHO ទាញសញ្ញាអាសន្នអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ ១៩ ជាថ្មីម្តងទៀតនៅតំបន់អឺរ៉ុប
យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែវិច្ឆិកាម្សិលមិញនេះ អង្គការសុខភាពពិភពលោកបានសម្តែងទាញសញ្ញាអាសន្នអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជាថ្មីម្តងទៀតក្នុងបណ្តាប្រទេសនៅតំបន់អឺរ៉ុប។ ការបង្ហា្ហញនូវក្តីព្រួយបារម្ភនេះត្រូវបានធ្វើឡើងក្រោយ ប្រទេសអាឡឺម៉ង់ដែលប្រទេសដ៏មានសក្តានុពលមួយនៅតំបន់អឺរ៉ុបនោះបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺកាលពីថ្ងៃទី ៤កន្លងទៅនេះអាឡឺម៉ង់បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ៣៤,០០០ ករណីឯណោះ។

បើតាមលោក Jens Spahn ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាឡឺម៉ង់បានបញ្ជាក់ថា អាឡឺម៉ង់កំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំ ជាពិសេសគឺក្នុងចំណោមពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តែម្តង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលអាឡឺម៉ង់ទើបសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានត្រឹម ៦៦% ប៉ុណ្ណោះ ខណៈអាឡឺម៉ង់មានពលរដ្ឋសរុបជាង ៨៣លាននាក់។ គួរបញ្ជាក់ផងដែរថា គិតត្រឹមនៅពេលនេះនៅក្នុងតំបន់អឺរ៉ុបដែលមានប្រទេសសរុបចំនួន ៥៣នោះ បានកត់ត្រាចំនួនអ្នកឆ្លងកូវីដ ១៩ ប្រមាណជា ៧៨លានករណីហើយរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩មក៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍