ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបន្ថែមការរឹតបន្តឹងការធ្វើដំណើរនៅតាមកំពង់ផែនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩

    BY Pheakdey November 5, 2021
    ចិនបន្ថែមការរឹតបន្តឹងការធ្វើដំណើរនៅតាមកំពង់ផែនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានបន្ថែមការរឹតបន្តឹងការធ្វើដំណើរនៅតាមកំពង់ផែជាច្រើននៅទូទាំងប្រទេស ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។ បើតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិចិនបានបញ្ជាក់កាលពីថ្ងៃទី ៤​ ខែវិច្ឆិកា ម្សិលមិញថា អាជ្ញាធរនៅតាមកំពង់ផែនៅទូទាំងប្រទេសចិននឹងធ្វើការណែនាំអ្នកដំណើរគ្រប់រូបឲ្យធ្វើដំណើរតែក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ ហើយក្នុងករណីដែលអ្នកដំណើរទាំងនោះគ្មានភារកិច្ចបន្ទាន់ ឬគ្មានហេតុផលសមរម្យសម្រាប់ការធ្វើដំណើរនោះទេគឺអាជ្ញាធរនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើដំណើរឡើយ។

    គួរបញ្ជាក់ថា ការសម្រេចអនុវត្តវិធានការយ៉ាងតឹងរឹងចំពោះការធ្វើដំណើរចេញចូលប្រទេសចិន និងការធ្វើដំណើរក្នុងប្រទេសចិននៅពេលនេះគឺត្រូវបានធ្វើឡើងព្រោះអាជ្ញាធរចិនចង់ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ជាពិសេសករណីនាំចូលពីក្រៅប្រទេស ឲ្យស្ថិតនៅក្នុងកម្រិតសូន្យមុនពេលចិនត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ។ បើតាមការសិក្សាមួយបានរកឃើញថា ការរឹតបន្តឹងការធ្វើដំណើរក្នុងចំណោមពលរដ្ឋចិនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានធ្វើឲ្យខាតបង់ទឹកប្រាក់ប្រមាណជា ២៥៥ពាន់លានដុល្លារអាមេរិកនៅក្នុងទីផ្សារទេសចរណ៍ពិភពលោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: