ជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សមួយបានឆក់យកជីវិតពលរដ្ឋឥណ្ឌូនេស៊ី ២នាក់និង ៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន
ឥណ្ឌូនេស៊ី៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកាម្សិលមិញនេះមានជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សមួយបានវាយប្រហារកោះចាវ៉ា ប្រទេសឥណ្ឌូនេស៊ី និងបានឆក់យកជីវិតពលរដ្ឋឥណ្ឌូនេស៊ីចំនួន ២នាក់ភ្លាមៗផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ទឹកជំនន់ដ៏ឆាប់រហ័សនេះបានបង្កឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នារហូតធ្វើឲ្យមានទឹកហៀរចេញពីទន្លេចូលមកកាន់ផ្ទះប្រជាពលលរដ្ឋ ហើយទឹកដែលហូរមកយ៉ាងខ្លាំងនោះក៏មានលាយនូវភក់ល្បាប់យ៉ាងច្រើនផងដែរ។

បើតាមទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ដំបូងឡើយកម្លាំងទឹកហូរដែលមានលាយភក់ល្បាប់យ៉ាងច្រើននោះបានគួចយកមនុស្សចំនួន ១៥ នាក់ឲ្យទៅតាមទឹកហូរ ហើយបន្ទាប់មកគេក៏បានជួយសង្គ្រោះមនុស្សចំនួន ៥នាក់មកវិញ ខណៈពេលនេះនៅមានពលរដ្ឋចំនួន ៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួនរកមិនឃើញផងដែរ។ ក្រុមអ្នកជួយសង្គ្រោះបានព្យាករណ៍ថាពលរដ្ឋដែលបាត់ខ្លួនទាំង ៨នាក់នោះទំនងជាត្រូវកប់នៅក្នុងភក់ល្បាប់ហើយភាគរយដែលពួកគេអាចនៅមានជីវិតនោះគឺមានតិចតួចបំផុត តែយ៉ាងណាក្តីគេនឹងព្យាយាមរកពួកគេឲ្យទាល់តែឃើញបើទោះជាក្នុងករណីពួកគេស្លាប់ឬរស់ក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia