ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្លែកមែន! គ្រូគណិតវិទ្យាម្នាក់បង្ហោះវីដេអូមេរៀនជាច្រើនលើគេហទំព័រ 18+ ដើម្បីទាក់ទាញកូនសិស្សឲ្យចូលរៀនថ្នាក់ Online របស់គាត់

    BY Pheakdey November 6, 2021
    ប្លែកមែន! គ្រូគណិតវិទ្យាម្នាក់បង្ហោះវីដេអូមេរៀនជាច្រើនលើគេហទំព័រ 18+ ដើម្បីទាក់ទាញកូនសិស្សឲ្យចូលរៀនថ្នាក់ Online របស់គាត់

    តៃវ៉ាន់៖ លោកគ្រូបង្រៀនគណិតវិទ្យាជនជាតិចិនតៃវ៉ាន់ម្នាក់បានបង្ហោះវីដេអូបង្រៀនមេរៀនគណិតវិទ្យាពិបាកៗជាច្រើននៅលើគេហទំព័រសម្រាប់មើលរឿងអាសអាភាស ដើម្បីទាក់ទាញក្រុមកូនសិស្សសាលាឲ្យមកចូលរៀនក្នុងថ្នាក់ Online របស់គាត់។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Business Insider បានឲ្យដឹងថា លោកគ្រូបង្រៀនរូបនេះមានឈ្មោះថា Chang Hsu ហើយឈ្មោះគណនីដែលគាត់ប្រើសម្រាប់បង្ហោះវីដេអូគឺ “changhsumath666” ខណៈរហូតមកទល់នឹងពេលនេះ Channel របស់គាត់មានអ្នក Subscribed ចំនួន ៦,៩០០ នាក់ និងជា Channel មានប្រជាប្រិយភាពលំដាប់ទី ៦៨៥ នៅលើគេហទំព័រអាសអាភាសនោះផងដែរ។

    គិតត្រឹមពេលនេះគាត់បានបង្ហោះវីដេអូមេរៀនចំនួន  ២២៦ រួចហើយ ខណៈជាមធ្យមវីដេអូមួយមានអ្នកចូលមើលប្រហែលជា ២០,០០០ ដង។ លោកគ្រូ Chang Hsu បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា គាត់បានចាប់ផ្តើមបង្ហោះវីដេអូបង្រៀននៅលើគេហទំព័រមួយនេះតាំងពីខែឧសភាឆ្នាំមុនម្លេះ ដោយវីដេអូទាំងនោះគឺសុទ្ធតែជាមេរៀនគណិតវិទ្យាសំខាន់ៗសម្រាប់ការប្រលងចូលរៀនសាកលវិទ្យាល័យ ដោយជាមធ្យមវីដេអូមួយមានរយៈ ៤០នាទី។

    លោកបានបន្តថា ការចូលមើលវីដេអូបង្រៀននៅលើគេហទំព័រ Pornhub គឺមិនអស់លុយនោះទេ តែសិស្សដែលចង់រៀនបន្តត្រូវបង់លុយដើម្បីចូលរៀនថ្នាក់ Online ដែលបង្រៀនផ្ទាល់ដោយរូបគាត់។ លោកគ្រូដែលមានបទពិសោធន៍បង្រៀនជាង ១៥ឆ្នាំរូបនេះបានឲ្យដឹងទៀតថា នេះគឺជាយុទ្ធសាស្រ្តទីផ្សារមួយសម្រាប់ថ្នាក់ Online របស់គាត់ ព្រោះគាត់ដឹងថានៅលើគេហទំព័រ Pornhub គឺមានក្រុមកូនសិស្សចូលទៅមើលច្រើនណាស់ក្នុងមួយថ្ងៃៗ។

    លោកគ្រូដែលមានយុទ្ធសាស្រ្តទីផ្សារប្លែកគេរូបនេះបានបញ្ជាក់ថា យុទ្ធសាស្រ្តមួយនេះបានជួយទាក់ទាញកូនសិស្សឲ្យចូលរៀនថ្នាក់ Online របស់គាត់បានប្រមាណជា ១,០០០ នាក់ក្នុងមួយឆ្នាំ ហើយជាងមួយឆ្នាំកន្លងមកនេះចំណូលដែលគាត់អាចរកបានពីការបង្រៀន Online គឺមានចំនួនប្រមាណជា ២៧​ម៉ឺនដុល្លារអាមេរិកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Business Insider

    Share This Post: