ពលរដ្ឋវៀតណាមជាច្រើនខឹងសម្បារ នឹងមន្ត្រីជាន់ខ្ពស់ម្នាក់ជះលុយជាង១០០០ដុល្លារទទួលទានស្តេក១ដុំ ដែលចម្អិនដោយស្តេចចុងភៅ Salt Bae (មានវីដេអូ)
វៀតណាម៖ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននៅក្នុងប្រទេសវៀតណាមបានសម្តែងនូវអារម្មណ៍មិនពេញនិងនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងក្រោយប្រទះឃើញមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាមម្នាក់អញ្ជើញទៅពិសារស្តេកសាច់គោក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់មួយកន្លែង ស្របពេលពលរដ្ឋវៀតណាមជាច្រើននាក់កំពុងរស់នៅក្នុងលក្ខខណ្ឌជីវភាពយ៉ាងលំបាក។ បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះមានឈ្មោះថា To Lam អាយុ ៦៤ ឆ្នាំមានតួនាទីជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ហើយវីដេអូដែលបង្ហាញពីសកម្មភាពទៅពិសារស្តេកសាច់គោរបស់គាត់នោះត្រូវបានគេបង្ហោះនិងចែកចាយបន្តយ៉ាងផុសផុលនៅតាមបណ្តាញសង្គម Facebook និង TikTok ក្នុងប្រទេសវៀតណាមកាលពីថ្ងៃសុក្រ ទី៥ វិច្ឆិកា ម្សិលមិញនេះ។

ក្នុងវីដេអូនោះបានបញ្ជាក់ថា លោក To Lam បានអញ្ជើញទៅពិសារស្តេកសាច់គោដែលគេចម្អិនដោយមានស្រោបសន្លឹកមាសពីខាងក្រៅនៅក្នុងភោជនីយដ្ឋាន Nusr-Et Steakhouse ស្ថិតនៅតំបន់កំសាន្ត Knightsbridge ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ស្តេកសាច់គោនោះត្រូវបានចម្អិនដោយផ្ទាល់ពីសំណាក់ចុងភៅលំដាប់ពិភពលោកជនជាតិតួគីគឺលោក Nusret Gokce ឬគេតែងហៅគាត់ថា Salt Bae។
គួរបញ្ជាក់ថា នាពេលកន្លងមកភោជនីយដ្ឋានរបស់លោក Nusret Gokce តែងទទួលភ្ញៀវជាតារាល្បីៗលំដាប់ពិភពលោកឬថ្នាក់ដឹកនាំសំខាន់ៗមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈស្តេកសាច់គោមួយដុំនោះគឺមានតម្លៃជាង ១,០០០ ដុល្លារអាមេរិកឯណោះ។ ព្រោះហេតុផលនេះហើយទើបពលរដ្ឋវៀតណាមជាច្រើនខឹងនឹងរដ្ឋមន្ត្រីរូបនេះយ៉ាងខ្លាំង ព្រោះរូបគាត់បានចាយលុយរបស់រដ្ឋាភិបាលវៀតណាមដែលប្រមូលបានពីការបង់ពន្ធរបស់ពលរដ្ឋវៀតណាមយ៉ាងខ្ជះខ្ជាយបំផុត ខណៈពលរដ្ឋវៀតណាមកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងអំឡុងមានការរាត្បាតជំងឺកូវីដ ១៩ នេះ។
គួររំលឹកផងដែរថា តាមរបាយការណ៍មួយបានរកឃើញថាក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ ពោលគឺនៅក្នុងឆ្នាំ ២០២០ ពលរដ្ឋវៀតណាមម្នាក់ជាមធ្យមអាចរកចំណូលបានត្រឹម ១៨៤ ដុល្លារប៉ុណ្ណោះក្នុងមួយខែ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍