ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទុក្ខជាន់ទុក្ខ! ភ្លើងឆេះមន្ទីរពេទ្យនៅប្រទេសឥណ្ឌា បណ្តាលឲ្យអ្នកជំងឺកូវីដ ១៩ ចំនួន ១១ នាក់បានបាត់បង់ជីវិត

    BY Pheakdey November 8, 2021
    ទុក្ខជាន់ទុក្ខ! ភ្លើងឆេះមន្ទីរពេទ្យនៅប្រទេសឥណ្ឌា បណ្តាលឲ្យអ្នកជំងឺកូវីដ ១៩ ចំនួន ១១ នាក់បានបាត់បង់ជីវិត

    ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Hindu បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ ១៩ ចំនួ​ន ១១ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Ahmednagar រដ្ឋ Maharashtra ប្រទេសឥណ្ឌា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោងប្រហែលជា ១១ និង ៣០ នាទីព្រឹកថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិការកន្លងទៅនេះ ហើយរហូតដល់ម៉ោង ១ និង ៣០ នាទីរសៀលក្នុងថ្ងៃដដែលនោះទើបគេអាចពន្លត់ភ្លើងបានទាំងស្រុង។

    ប្រភពខាងលើបានបញ្ជាក់ថា អគ្គិភ័យបានផ្តើមឆាបឆេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ដែលមានអ្នកជំងឺចំនួន ២០ នាក់កំពុងបញ្ចូលខ្យល់អ៊ុកស៊ីសែននៅទីនោះ។ ក្រោយកើតមានអគ្គិភ័យគឺមានមានអ្នកជំងឺចំនួន ១០ នាក់បានស្លាប់ភ្លាមៗ​ ក្រោយមកទៀតក៏មានអ្នករងរបួសធ្ងន់ម្នាក់ទៀតបានស្លាប់ ខណៈអ្នកជំងឺចំនួន ៩ នាក់ផ្សេងទៀតសុទ្ធតែត្រូវរបួសជាច្រើនកន្លែងនៅលើរាងកាយនិងត្រូវបញ្ចូនទៅព្យាបាលរបួសជាបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយកន្លែងផ្សេងទៀតផងដែរ។

    ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាពលរដ្ឋវ័យចំណាស់ដែលមានអាយុចាប់ពី ៥៦ ដល់ ៨៣ ឆ្នាំ។ គួរបញ្ជាក់ថា កាលពីអំឡុងខែមេសាកន្លងទៅហេតុការណ៍ដូចនេះគ្នាក៏ធ្លាប់បានកើតមាននៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសផងដែរ ដោយពេលនោះអគ្គិភ័យបានសម្លាប់អ្នកជំងឺកូវីដ ១៩ រហូតដល់ ១៥នាក់ឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Hindu

    Share This Post: