ថៃបញ្ជាទិញថ្នាំកូវីដប្រភេទ Molnupiravir ចំនួន ២លានគ្រាប់សម្រាប់ប្រើប្រាស់ជាមួយអ្នកជំងឺដែលមានលក្ខខណ្ឌចាំបាច់មួយចំនួន
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ម្សិលមិញនេះគណៈរដ្ឋមន្ត្រីថៃបានសម្រេចជាផ្លូវការហើយក្នុងការបញ្ជាទិញថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ Molnupiravir ដើម្បីទុកប្រើប្រាស់ជាមួយនឹងក្រុមអ្នកជំងឺស្ថិតនៅក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន។ តាមគម្រោងគឺថៃនឹងបញ្ជាទិញថ្នាំ Molnupiravir ចំនួន ៥០,០០០ ប្រអប់ ហើយបើគិតជាចំនួនថ្នាំសរុបគឺមានចំនួន ២ លានគ្រាប់។ គួរបញ្ជាក់ថា Molnupiravir គឺជាថ្នាំលេបប្រឆាំងជំងឺកូវីដ ១៩ដំបូងបំផុតនៅលើពិភពលោក ហើយថ្នាំនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ដោយសារថ្នាំលេបចំនួន ២លានគ្រាប់ដែលថៃនឹងទទួលបាននោះគឺជាចំនួនតិចតួចនៅឡើយបើធៀបនឹងចំនួនពលរដ្ឋថៃ ដូចនេះរដ្ឋាបាលភិបាលថៃបានកំណត់ថា ថ្នាំលេបនេះនឹងទុកប្រើប្រាស់ចំពោះក្រុមអ្នកជំងឺដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងមានលក្ខខណ្ឌសុខភាពមួយចំនួនបន្ថែមទៀតដូចជា មានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មានជំងឺសរសៃឈាមបេះដូង មានជំងឺតម្រងនោមរ៉ាំរ៉ៃ មានជំងឺប្រព័ន្ធប្រសាទ មានជំងឺមហារីក មានជំងឺទឹកនោមផ្អែម ឬមានជំងឺធាត់ជាដើម។ លោករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរថា ថ្នាំ Molnupiravir មួយប្រអប់គឺមានតម្លៃ ១០,០០០ បាត (៣០៥ ដុល្លារ) សម្រាប់ការនាំចូលមកកាន់ប្រទេសថៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍