ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនសម្រេចផ្អាកកម្មវិធីរត់ម៉ារ៉ាតុងទ្រង់ទ្រាយធំមួយក្នុងក្រុងសៀងហៃព្រោះការរាតត្បាតនៃជំងឺកូវីដ ១៩

    BY Pheakdey November 10, 2021
    ចិនសម្រេចផ្អាកកម្មវិធីរត់ម៉ារ៉ាតុងទ្រង់ទ្រាយធំមួយក្នុងក្រុងសៀងហៃព្រោះការរាតត្បាតនៃជំងឺកូវីដ ១៩

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel New Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី៩ ខែ វិច្ឆិកា ម្សិលមិញនេះ អាជ្ញាធរចិនបានសម្រេចផ្អាកកម្មវិធីរត់ម៉ារ៉ាតុងទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងសៀងហៃដែលគ្រោងនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ២៨​ ខែវិច្ឆិកានេះ ក្រោមមានការកើនឡើងនៃការរាតត្បាតជំងឺកូវីដ ១៩។ បើតាមអាជ្ញាធរក្រុងសៀងហៃបានបញ្ជាក់ថា កម្មវិធីរត់ម៉ារ៉ាតុងគឺរឿងល្អមួយហើយសម្រាប់សុខភាពពលរដ្ឋទៅក្នុងទីក្រុង តែសម្រាប់ស្ថានភាពនៅពេលនេះគឺការទប់ស្កាត់មិនឲ្យមានការរាត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍គឺជារឿងសំខាន់បំផុតនិងល្អបំផុតសម្រាប់ប្រជាពលរដ្ឋ។

    គួររម្លឹកថា ថ្មីៗនេះអាជ្ញាធរបានសម្រេចផ្អាកកម្មវិធីរត់ម៉ារ៉ាតុងទ្រង់ទ្រាយធំចំនួន ២ រួចមកហើយ មានដូចជាកម្មវិធីរត់ម៉ារ៉ាតុងនៅក្នុងទីក្រុងវ៉ូហាន និងកម្មវិធីរត់ម៉ារ៉ាតុងនៅក្នុងទីក្រុងប៉េកាំង។ គួរបញ្ជាក់ថា នៅក្នុងថ្ងៃទី ១០ ខែវិច្ឆិកានេះ អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ៥៤ ករណី និងគ្មានអ្នកស្លាប់នោះទេ។ បើទោះជាតួលេខនេះហាក់នៅមានកម្រិតតិចតួចក៏ដោយ តែចិនបានអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ព្រោះចិនចង់គ្រប់គ្រងការចម្លងជំងឺកូវីដ ១៩ ឲ្យស្ថិតនៅក្នុងកម្រិតសូន្យមុនពេលទីក្រុងប៉េកាំងត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅអំឡុងខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel New Asia

     

    Share This Post: