ស្រ្តីម្នាក់ត្រូវចាប់ខ្លួននៅទីក្រុងបាងកកពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀន ២១០ គីឡូក្រាមដោយបង្កប់នៅក្នុងសាឡុងដើម្បីផ្ញើទៅកាន់ម៉ាឡេស៊ី
ថៃ៖ ស្រ្តីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅកណ្តាលទីក្រុងបាងកកពាក់ព័ន្ធនឹងករណីព្យាយាមរត់ពន្ធគ្រឿងញៀនចំនួន ២១០ គីឡូក្រាមចេញពីប្រទេសថៃឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ស្រ្តីជាជនសង្ស័យមានឈ្មោះ Supawadee Iam-urai អាយុ ២៦ ឆ្នាំ គឺជាពលរដ្ឋថៃ ដែលបាននាំយកគ្រឿងញៀនប្រភេទម៉ាទឹកកកមកពីខេត្តសាមុតប្រាកានក្នុងគោលបំណងផ្ញើគ្រឿងញៀនទាំងនេះចេញពីប្រទេសថៃតាមច្រកកំពង់ផែក្លងទើយទៅឲ្យឈ្មួញម្នាក់នៅប្រទេសម៉ាឡេស៊ី។

ម៉ាទឹកកកទាំង ២១០ គីឡូក្រាមនោះត្រូវបានជនសង្ស័យដាក់ក្នុងកញ្ចប់តូចៗជាច្រើនហើយបានយកទៅលាក់ទុកនៅក្នុងសាឡុងចំនួន ១៨ ផ្សេងគ្នា ខណៈសាឡុងទាំងអស់នោះត្រូវបានគេដាក់ក្នុងកេះធំៗចំនួន ១០ ផងដែរ។ បើតាមប៉ូលិសជំនាញផ្នែកបង្រ្កាបគ្រឿងញៀនថៃបានឲ្យដឹងថា ស្រ្តីជាជនសង្ស័យរូបនេះមិនមែនជាឈ្មួញគ្រឿងញៀនធំឡើយ តែរូបនាងត្រូវបានគេជួលក្នុងតម្លៃ ៣៥,០០០ បាត (១,០៦៥ ដុល្លារអាមេរិក) សម្រាប់តែធ្វើកិច្ចការដឹកជញ្ជូនគ្រឿងញៀនឲ្យចេញផុតពីប្រទេសថៃប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះប៉ូលិសជំនាញថៃកំពុងបន្តបើកការស៊ើបអង្កេតករណីនេះជាបន្តទៀត ដើម្បីតាមច្បាប់ខ្លួនមេក្លោងធំនៅពីក្រោយករណីនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍