អ៊ុយក្រែនកំណត់ឲ្យបុគ្គលិកនៅសាលាក្រុងនិងវេជ្ជបណ្ឌិតនៅទូទាំងប្រទេសត្រូវមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ បើពុំដូចនោះទេពួកគេនឹងត្រូវផ្អាកពីការងារ
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ម្សិលមិញនេះក្រសួងសុខាភិបាលនៃប្រទេសអ៊ុយក្រែនបានស្នើឲ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការមួយដោយកំណត់ឲ្យក្រុមវេជ្ជបណ្ឌិតនៅទូទាំងប្រទេស និងក្រុមបុគ្គលិកបម្រើការងារនៅសាលាក្រុងត្រូវតែមានកាតព្វកិច្ចទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាចាំបាច់ បើពុំដូចនោះទេពួកគេនឹងត្រូវផ្អាកពីការងារជាបណ្តោះអាសន្ន។ គួររម្លឹកថា នាពេលកន្លងមករដ្ឋាភិបាលអ៊ុយក្រែនបានដាក់ចេញនូវវិធានការខាងលើនេះរួចម្តងហើយ ចំពោះក្រុមគ្រូបង្រៀន ក្រុមបុគ្គលិកបម្រើការងារនៅតាមវិទ្យាស្ថានរដ្ឋ និងមន្ត្រីរាជការនៅតាមតំបន់មួយចំនួន។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះពលរដ្ឋអ៊ុយក្រែនដែលបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅតែមានចំនួនតិចតួច ពោលគឺមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៨,៣លាននាក់ប៉ុណ្ណោះដែលបានទៅចាក់វ៉ាក់សាំងរួចរាល់ ខណៈអ៊ុយក្រែនមានពលរដ្ឋជាង ៤១លាននាក់។ ព្រោះហេតុផលនេះហើយទើបអាជ្ញាធរសុខាភិបាលអ៊ុយក្រែនបន្តដាក់ចេញវិធានការកំណត់ការចាក់វ៉ាក់សាំងឲ្យក្លាយជាកាតព្វកិច្ចចំពោះក្រុមបុគ្គលិករដ្ឋជាច្រើនផ្នែកបន្ថែមទៀត ដើម្បីឲ្យពួកគេចូលរួមបង្កើតភាពស៊ាំនៅក្នុងសហគមន៍។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលអ៊ុយក្រែនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៣,១៦លាននាក់ និងស្លាប់សរុបជាង ៧,៤ ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia