អាជ្ញាធរសិង្ហបុរីបញ្ជាក់ថា អ្នកជំងឺកូវីដណាដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការនឹងត្រូវចេញថ្លៃព្យាបាលដោយខ្លួនឯងជិត ២ម៉ឺនដុល្លារ
សិង្ហបុរី៖ កាលពីថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានបញ្ជាក់ប្រាប់ពលរដ្ឋខ្លួនជាសាធារណៈថា អ្នកជំងឺកូវីដ ១៩ ណាដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការនឹងត្រូវចំណាយប្រាក់ប្រមាណជា ២៥,០០០ ដុល្លារសិង្ហបុរី (១៨,៤៧៨ ដុល្លារអាមេរិក) សម្រាប់ថ្លៃព្យាបាលជំងឺ ខណៈអ្នកជំងឺកូវីដ ១៩ ដែលបានទៅចាក់វ៉ាក់សាំងរួចរាល់នឹងទទួលបានការព្យាបាលដោយមិនអស់ប្រាក់នោះទេ។ គួររម្លឹកថា ចាប់ពីថ្ងៃទី៨ ខែធ្នូតទៅ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីនឹងអនុវត្តវិធានការតឹងរឹងមួយចំពោះពលរដ្ឋណាដែលមិនព្រមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពោលគឺតម្រូវឲ្យពួកគេចេញលុយថ្លៃព្យាបាលជំងឺដោយខ្លួនឯង ប្រសិនពួកគេបានឆ្លងជំងឺកូវីដ ១៩។

យ៉ាងណាក្តី វិធានការខាងលើនេះត្រូវបានលើកលែងចំពោះក្រុមពលរដ្ឋដែលខកខានមិនបានទៅចាក់វ៉ាក់សាំងព្រោះហេតុផលចាំបាច់មួយចំនួន ដូចជាមិនទាន់គ្រប់អាយុ ឬមានជំងឺប្រចាំកាយដែលមិនអាចចាក់វ៉ាក់សាំងបាន។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសិង្ហបុរីបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៨២% នៃចំនួនពលរដ្ឋសរុបជាង ៥,៦ លាននាក់ ហើយពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនោះគឺពួកគេបានសម្រេចចិត្តមិនទៅចាក់វ៉ាក់សាំងដោយខ្លួនឯងតែម្តង មិនមែនមកពីអាជ្ញាធរសិង្ហបុរីខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនពួកគេនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia