ហ្វីលីពីនកំណត់ឲ្យបុគ្គលិកធ្វើការងារក្នុងការិយាល័យត្រូវតែទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
ហ្វីលីពីន៖ កាលពីថ្ងៃសុក្រ ទី១២ ខែវិច្ឆិការម្សិលមិញនេះអាជ្ញាធរនៃប្រទេសហ្វីលីពីនបានដាក់ចេញនូវវិធានការតឹងរឹងមួយគឺកំណត់ឲ្យពលរដ្ឋដែលត្រូវទៅបំពេញការងារនៅក្នុងការិយាល័យត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាចាំបាច់ ព្រោះបើក្រុមបុគ្គលិកប្រភេទនេះមិនបានចាក់វ៉ាក់សាំងនោះទេគឺពួកគេងាយនឹងក្លាយជាភ្នាក់ងារនាំយកមេរោគទៅចម្លងដល់មិត្តរួមការងារណាស់។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វិធានការតឹងរឹងខាងលើនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែធ្នូតទៅ និងត្រូវអនុវត្តគ្រប់បុគ្គលិកទាំងអស់មិនថានៅក្នុងស្ថាប័នរដ្ឋ ឬនៅតាមក្រុមហ៊ុនឯកជននោះទេ។

យ៉ាងណាក្តី លោក Harry Roque ដែលជាអ្នកនាំពាក្យឲ្យខុទ្ទកាល័យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា ប្រសិនបើក្រុមបុគ្គលិកស្ថិតនៅក្នុងប្រភេទការងារខាងលើនេះនៅតែប្រកែកមិនព្រមទៅចាក់វ៉ាក់សាំង គឺពួកគេនៅមានជម្រើសមួយផ្សេងទៀត ដោយពួកគេត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ជាប្រចាំមុនពេលចូលទៅធ្វើការងារហើយចំពោះការធ្វើតេស្តនោះគឺពួកគេត្រូវចំណាយលុយដោយខ្លួនឯង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនទើបសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ជូនពលរដ្ឋខ្លួនបានជាង ៣៣%ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុប ១១០លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia