មនុស្ស ១៥នាក់បានបាត់បង់ជីវិតក្រោយព្យាយាមប្រជ្រៀតគ្នាដើរទៅកាន់វត្តមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានលង់ទឹកសមុទ្រស្លាប់កាលពីថ្ងៃអាទិត្យទី ២១ ខែវិច្ឆិកា ម្សិលមិញនេះ បន្ទាប់ពីពួកគេបានប្រជ្រៀតគ្នាដើរនៅលើផ្លូវលិចទឹកដ៏តូចមួយដើម្បីឆ្ពោះទៅកាន់វត្តមួយកន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា វត្តមួយនេះមានឈ្មោះ Kyeik Hne ត្រូវបានគេសាងសង់ឡើងនៅលើតំបន់ថ្មមួយកន្លែង ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រពីមាត់ឆ្នេរសមុទ្រក្នុងក្រុង Thanbyuzayat រដ្ឋ Mon នៃប្រទេសមីយ៉ាន់ម៉ា ខណៈផ្លូវសម្រាប់ដើរទៅកាន់វត្តនោះមានទទឹង ៤ម៉ែត្រប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា កាលពីថ្ងៃម្សិលមិញនេះមានពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់ពាក់សម្រុកធ្វើដំណើរទៅកាន់វត្ត Kyeik Hne ព្រោះនៅទីអារាមនោះមានរៀបចំពិធីបុណ្យបែបសាសនាដ៏សំខាន់មួយសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាដែលជាអ្នកកាន់សាសនាព្រះពុទ្ធ។ បើតាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ាបានឲ្យដឹងថា ពលរដ្ឋទាំងអស់នោះបានសម្រុកដើរទៅវត្តដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ទើបធ្វើឲ្យមានមនុស្សច្រើនកកកុញលើសកម្រិតនិងបង្កឲ្យមានគ្រោះថ្នាក់ដូចខាងលើនេះ។ អាជ្ញាធរមីយ៉ាន់ក៏បានបញ្ជាក់ផងដែរថា ក្រៅតែបានរកឃើញអ្នកស្លាប់ចំនួន ១៥នាក់ គឺគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈគេបានសន្និដ្ឋានថាមនុស្សទាំង ៣នាក់នោះទំនងជាបានលក់ទឹកហើយត្រូវហូរទៅកន្លែងឆ្ងាយបាត់ទៅហើយ៕

វត្ត Kyeik Hne
អត្ថបទ៖ ភក្តី
ប្រភព៖