អន្តរជាតិ

WHO ព្យាករណ៍ថា នៅត្រឹមខែមីនាខាងមុខនេះជំងឺកូវីដ ១៩ នឹងឆក់យកជីវិតពលរដ្ឋនៅតំបន់អឺរ៉ុបចំនួន ៧០ម៉ឺននាក់បន្ថែមទៀត

BY
Pheakdey
November 24, 2021

កាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ថា នៅត្រឹមដើមខែមីនា ឆ្នាំ២០២២ ខាងមុខនេះជំងឺកូវីដ ១៩ នឹងឆក់យកជីវិតពលរដ្ឋនៅតំបន់អឺរ៉ុបចំនួន ៧០០,០០០ នាក់បន្ថែមទៀត ហើយធ្វើឲ្យតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ សរុបនៅក្នុងតំបន់អឺរ៉ុបកើនដល់ ២,២ លាននាក់។ គួរបញ្ជាក់ថា នៅក្នុងតំបន់អឺរ៉ុបមានប្រទេសសរុបចំនួន ៥៣ប្រទេស ហើយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ សរុបនៅក្នុងតំបន់មួយនេះមានចំនួន ១,៥លាននាក់រួចទៅហើយ ខណៈបើគិតជាមធ្យមគឺតំបន់អឺរ៉ុបមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ប្រចាំថ្ងៃចំនួន ៤,២០០នាក់ក្នុងមួយថ្ងៃ។

បើតាមលោក Hans Kluge ដែលជានាយកនៃអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបានបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង ៥៣ក្នុងតំបន់អឺរ៉ុបនឹងមានប្រទេសចំនួន ៤៩ ដែលត្រូវប្រឈមខ្លាំងនឹងការប្រើប្រាស់សេវាសង្គ្រោះបន្ទាន់ដើម្បីជួយអ្នកជំងឺកូវីដ ១៩ ហើយក្នុងចំណោមប្រទេសទាំងនោះក៏មានប្រទេសបារាំង អេស្ប៉ាញ និងហុងគ្រីផងដែរ។ ទន្ទឹមនឹងការចេញផ្សាយនូវការព្យាករណ៍នេះ លោក Hans Kluge ក៏បានអំពាវនាវឲ្យពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ហើយចំពោះអ្នកទទួលបានវ៉ាក់សាំងចំនួន ២ដូសរួចហើយក៏ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀតផងដែរ ទើបពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ពីជំងឺកូវីដ ១៩៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: