អន្តរជាតិ

លោក​ Pacquiao បេក្ខភាពប្រធានាធិបតីហ្វីលីពីនបាននិយាយថា គាត់ធ្លាប់ប្រើប្រាស់សារធាតុ-ញៀ-នកាលពីក្មេង ទាំងដែលគាត់មិនបានដឹងថា វាជារបស់ខុសច្បាប់

BY
Pheakdey
November 24, 2021

ហ្វីលីពីន៖ បេក្ខភាពប្រធានាធិបតីនៃប្រទេសហ្វីលីពីនលោក​ Manny Pacquiao បាននិយាយដោយមិនលាក់លាមថា លោកធ្លាប់ប្រើប្រាស់គ្រឿងញៀនកាលពីនៅជាយុវវ័យ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia។ លោកបានបញ្ជាក់ថា ពេលនោះលោកគឺជាអ្នកប្រើប្រាស់គ្រឿងញៀនដែលមិនដឹងអីម្នាក់ ពោលគឺមិនបានដឹងថា ការប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគឺជារឿងខុសច្បាប់នោះទេ។ យ៉ាងណាក្តី រឿងរ៉ាវនេះគឺគ្រាន់តែជាបទពិសោធន៍ម្តងម្កាលក្នុងជីវិតជាយុវវ័យរបស់គាត់ប៉ុណ្ណោះ ពោលគឺរូបគាត់មិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀនសកម្មនោះទេ។

គួររម្លឹកថា អតីតស្តេចប្រដាល់លំដាប់ពិភពលោកវ័យ ៤២ឆ្នាំរូបនេះធ្លាប់ជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះសង្គ្រាមប្រឆាំងគ្រឿងក្នុងប្រទេសហ្វីលីពីនរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលក្នុងសង្គ្រាមនោះអាជ្ញាធរហ្វីលីពីនបានសម្លាប់អ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀនរាប់ពាន់នាក់នៅទូទាំងប្រទេស។ បើទោះជាយ៉ាងនេះក្តី លោក Manny Pacquiao បានបញ្ជាក់ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ ២០២២ ខាងមុខនេះ លោកនឹងមិនប្រើគោលការណ៍ដូចលោកប្រធានាធិបតី Rodrigo Duterte នោះទេ ហើយរដ្ឋបាលរបស់លោកនឹងអនុវត្តត្រឹមច្បាប់ចាប់អ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀនដាក់គុកដើម្បីទុកឱកាសឲ្យពួកគេកែខ្លួន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: