ក្រុមហ៊ុន Pfizer ប្តឹងបុគ្គលិកខ្លួនម្នាក់ថាបានលួចយកអាថ៌កំបាំងនៃការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
អន្តរជាតិ November 25, 2021 Pheakdey

ក្រុមហ៊ុនផលិតឱសថ Pfizer Inc បានដាក់ពាក្យប្តឹងអតីតបុគ្គលិកខ្លួនម្នាក់ថាបានលួចយកឯកសារសំខាន់ៗជាច្រើនរបស់ក្រុមហ៊ុនរួមទាំងអាថ៌កំបាំងនៃការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Reuters បានឲ្យដឹងថា អតីតបុគ្គលិកដែលកំពុងរងនូវការចោទប្រកាន់នោះមានឈ្មោះ Chun Xiao Li ភេទស្រី ធ្លាប់កាន់តួនាទីជានាយករងនៃនាយដ្ឋានស្ថិតិនៅក្នុងក្រុមហ៊ុន Pfizer ហើយរូបគាត់បានលាឈប់ពីការងារកាលពីពេលថ្មីៗនេះ ក្រោយបានបម្រើការងារនៅក្នុងក្រុមហ៊ុនអស់រយៈពេល ១៥ ឆ្នាំ។

នៅក្នុងពាក្យបណ្តឹងរបស់ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា លោកស្រី Chun Xiao Li បានផ្ញើឯកសារសំខាន់ៗជាច្រើនចេញពីកុំព្យូទ័ររបស់ក្រុមហ៊ុនទៅកាន់គណនីផ្ទាល់ខ្លួនរបស់គាត់ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ហើយឯកសារទាំងនោះរួមមានការធ្វើបទបង្ហាញអំពីអង្គបដិបក្ខនៃជំងឺមហារីក កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនជាមួយដៃគូផលិតវ៉ាក់សាំង ​និងឯកសារមួយចំនួនទៀតដែលទាក់ទងនឹងការផលិតវ៉ាក់សាំងកូវីដ ១៩។ ឆ្លើយតបនឹងការចោទប្រកាន់នេះលោកស្រី Chun Xiao Li បានអះអាងថា រឿងរ៉ាវខាងលើនេះបានកើតឡើងដោយអចេនាប៉ុណ្ណោះ ហើយរូបគាត់គ្មានបំណងអាក្រក់ចំពោះក្រុមហ៊ុននោះទេ។ សូមបញ្ជាក់ថា តាមគម្រោងគឺតុលាការនឹងបើកការជំនំជុំរះជុំវិញករណីនេះនៅក្នុងថ្ងៃទី៩ ខែធ្នូ ដើម្បីរកឲ្យឃើញការពិតនៅក្នុងរឿងក្តីដ៏ចម្រូងចម្រាសមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters