អន្តរជាតិ

ជំងឺប៉េស្តជ្រូកកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម

BY
Pheakdey
November 25, 2021

វៀតណាម៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសវៀតណាមកំពុងប្រឈមនឹងការរាតត្បាតជំងឺប៉េស្តជ្រូកយ៉ាងខ្លាំង ហើយបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មកសិកម្មក្នុងប្រទេសវៀតណាមយ៉ាងខ្លាំងផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរវៀតណាមបានបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺប៉េស្តជ្រូកកំពុងរាតត្បាតក្នុងតំបន់ចំនួន ២,២៧៥​កន្លែង ដែលតំបន់ទាំងអស់នេះស្ថិតនៅក្នុងខេត្ត-ក្រុងចំនួន ៥៧ ក្នុងចំណោមខេត្ត-ក្រុងសរុបទាំង ៦៣​របស់វៀតណាម។

ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំនេះអាជ្ញាធរវៀតណាមបានសម្លាប់សត្វជ្រូកដែលមានជំងឺប៉េស្ត ប្រមាណជា ២៣០,០០០ក្បាលរួចហើយ ខណៈតួលេខនេះមានការកើនឡើង ៣ដង បើធៀបទៅនឹងតួលេខសត្វជ្រូកដែលគេបានសម្លាប់ចោលកាលពីឆ្នាំមុខ។ គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកមានដើមកំណើតមកពីតំបន់អាហ្វ្រិក ហើយជំងឺនេះបានរាតត្បាតទៅដល់ប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៩ ខណៈជំងឺនេះហាក់មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សនោះទេ។ បើទោះជាយ៉ាងនេះក្តីគេនៅចាំបានថា កាលពីឆ្នាំកន្លងទៅវិបត្តិនៃការរាត្បាតជំងឺប៉េស្តជ្រូកបានធ្វើឲ្យតម្លៃសាច់ជ្រូកនៅទីផ្សារប្រទេសវៀតណាមកើនឡើងទ្វេដង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: