អន្តរជាតិ

ថៃសម្រេចប្រើត្រឹមឧបករណ៍តេស្តរហ័សជំនួសឲ្យការធ្វើតេស្តកូវីដដោយម៉ាស៊ីនធំចំពោះអ្នកដំណើរមកពី ៦៣ប្រទេស

BY
Pheakdey
November 26, 2021

ថៃ៖ គណៈកម្មាធិការជាតិប្រឆាំងនឹងជំងឺឆ្លងក្នុងប្រទេសថៃបានសម្រេចជាផ្លូវការហើយថា នឹងប្រើប្រាស់ត្រឹមឧបករណ៍ធ្វើតេស្តរហ័សប៉ុណ្ណោះចំពោះក្រុមអ្នកដំណើរមកពីប្រទេសចំនួន ៦៣ ពោលគឺអាជ្ញាធរថៃនឹងលែងតម្រូវឲ្យក្រុមអ្នកដំណើរត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំ (RT-PCR) ទៀតហើយក្រោយពេលដែលពួកគេបានទៅដល់ទឹកដីថៃ។ គួររម្លឹកថា នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់កំណត់ឲ្យក្រុមអ្នកដំណើរអន្តរជាតិទាំងអស់ត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំក្រោយពេលទៅដល់ប្រទេសថៃភ្លាម ខណៈក្នុងអំឡុងពេលរង់ចាំលទ្ធផលតេស្តនោះអ្នកដំណើរទាំងអស់តម្រូវឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយយប់សិន ហើយទាល់តែលទ្ធផលតេស្តនោះអវិជ្ជមានទើបអាជ្ញាធរថៃអនុញ្ញាតឲ្យក្រុមអ្នកដំណើរអាចបន្តដំណើរទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសថៃ។

បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា ការសម្រេចខាងលើនេះគឺជាយន្តការជំហានទី ២ នៃការបើកប្រទេសឡើងវិញ ដែលអាជ្ញាធរថៃបានដាក់ចេញដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមអ្នកដំណើរឲ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ ១៩។ យន្តការជំហានទី ២នេះ ត្រូវអាជ្ញាធរថៃហៅថា “ធ្វើតេស្តនិងបន្តដំណើរ” (test and go) ហើយតាមរយៈយន្តការនេះគឺអ្នកដំណើរទាំងអស់ត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយម៉ាស៊ីនធំក្នុងប្រទេសរបស់ខ្លួនជាមុនសិន ពោលគឺ ៧២ម៉ោងមុនពេលទៅដល់ប្រទេសថៃ ហើយពេលទៅដល់ប្រទេសថៃត្រូវធ្វើតេស្តដោយឧបករណ៍រហ័សម្តងទៀត ខណៈក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃនោះអាជ្ញាធរក៏អាចតម្រូវឲ្យធ្វើតេស្តដោយឧបករណ៍រហ័សជាច្រើនដងបន្ថែមទៀតផងដែរប្រសិនបើចាំបាច់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

 

Share This Post: