អន្តរជាតិ

ពិភពលោកហាក់កំពុងមានការព្រួយបារម្ភខ្លាំង ចំពោះមេរោគកូវីដ ១៩ បំប្លែងថ្មីឈ្មោះ “Omicron”

BY
Pheakdey
November 27, 2021

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកានេះ បានឲ្យដឹងថា ពិភពលោកហាក់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមេរោគនៃជំងឺកូវីដ ១៩ បំំប្លែងខ្លួនទម្រង់ថ្មីមួយប្រភេទទៀត ដែលអង្គការសុខភាពពិភពលោកទើបដាក់ឈ្មោះឲ្យថា “Omicron”។ ក្រោយមានការទាញសញ្ញាអាសន្នអំពីមេរោគកូវីដ ១៩​ ប្រភេទ Omicron នេះ ប្រទេសជាច្រើនបានសម្រេចបិទជើងហោះហើរពីប្រទេសអាហ្វ្រិកខាងត្បូងដែលជាប្រទេសរកឃើញមេរោគនេះដំបូងគេនិងបណ្តាប្រទេសមួយចំនួនដែលនៅជាប់អាហ្វ្រិកខាងត្បូងផងដែរ។

ប្រទេសដែលបានសម្រេចធ្វើការរឹតបន្តឹងជើងហោះហើរនេះដំបូងគេគឺអង់គ្លេស បន្ទាប់មកមានសហគមន៍អឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ខណៈវិធានការតឹងរឹងនេះបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនដ៏ធំមួយនៅអាមេរិកគឺក្រុមហ៊ុន Atlantic ត្រូវធ្លាក់ចុះយ៉ាងគំហុកផងដែរនៅថ្ងៃនេះ។

យោងតាមការសិក្សាជាបឋមរបស់ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា អ្វីដែលគេអាចដឹងអំពីមេរោគ Omicron នៅត្រឹមពេលនេះគឺវាអាចចម្លងបានលឿនជាងមេរោគ Delta អាចផ្តល់ហានិភ័យនៃការរាតត្បាតទ្រង់ទ្រាយធំឡើងវិញ ខណៈគេត្រូវការពេលប្រមាណជា ១សប្តាហ៍ទៀតទើបអាចសិក្សាឲ្យច្បាស់ថា មេរោគ Omicron ពិតជាអាចយកឈ្នះលើវ៉ាក់សាំងនាពេលបចច្ចុប្បន្ននេះបានមែនឬអត់។

តាមរបាយការណ៍ចុងក្រោយមួយបានបង្ហាញាថា គិតត្រឹមពេលនេះមេរោគ Omicron បានធ្វើដំណើរទៅដល់ប្រទេសបែលហ្សិក បូតស្វាណា អ៊ីស្រាអែល និងហុងកុងហើយ ខណៈក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងមួយចំនួនបាននិយាយាថា វិធានការរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសមួយចំនួនខាងលើនេះទំនងជាយឺតពេលទៅហើយ ពោលគឺមេរោគនេះទំនងជាបានឆ្លងចូលទៅក្នុងបណ្តាប្រទេសទាំងអស់នោះរួចទៅហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: