អន្តរជាតិ

ចិនសម្រេចបន្ថែមថ្ងៃឈប់សម្រាកលំហែមាតុភាពចំពោះមាតាដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋយកកូនបន្ថែមទៀត

BY
Pheakdey
November 27, 2021

ចិន៖ តំបន់ជាច្រើននៅក្នុងប្រទេសចិនបានសម្រេចបន្ថែមចំនួនថ្ងៃឈប់សម្រាកលំហែមាតុភាពចំពោះមាតាឲ្យបានយូរជាងមុនដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួនយកកូនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ម្សិលមិញនេះ។ ចំនួនថ្ងៃដែលត្រូវបានបន្ថែមចូលទៅក្នុងថ្ងៃឈប់សម្រាកលំហែមាតុភាពចាស់នោះមានយ៉ា​ងតិចណាស់ក៏ ៣០ថ្ងៃដែរ ខណៈតំបន់ខ្លះទទួលបានចំនួនថៃឈប់ច្រើនជាងនេះដោយអាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

បើតាមប្រភពខាងលើបានបញ្ជាក់ថា អាជ្ញាធរក្រុងប៉េកាំងសម្រេចបន្ថែមថ្ងៃឈប់សម្រាកលំហែមាតុភាពរហូតដល់ ១៥៨ ថ្ងៃ ហើយអាជ្ញាធរខេត្ត Zhejiang បានបន្ថែមដល់រហូត ១៨៨ថ្ងៃសម្រាប់កូនទី ២ និងទី ៣ ខណៈជាទូទៅថ្ងៃឈប់សម្រាកនេះមានត្រឹម ៩៨ថ្ងៃ ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ការសម្រេចបន្ថែមថ្ងៃឈប់សម្រាកលំហែមាតុភាពនេះត្រូវបានធ្វើឡើងក្រោយក្រុមអ្នកជំនាញបានសិក្សារកឃើញថា ចិនត្រូវប្រឈមនឹងវិបត្តិប្រជាសាស្រ្តយ៉ាង​ខ្លាំងព្រោះតែចិនមានអត្រាកំណើតទាប៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia 

Share This Post: