អន្តរជាតិ

ថៃនឹងទទួលយកពលករចំណាកស្រុកស្របច្បាប់ ៤០ម៉ឺននាក់ពីប្រទេសជិតខាង ក្នុងនោះមានកម្ពុជាផងដែរ

BY
Pheakdey
November 27, 2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន National Thailand បានឲ្យដឹងថា ប្រទេសថៃនឹងបើកទទួលយកពលករចំណាកស្រុកស្របច្បាប់ចំនួន ៤០០,០០០​ នាក់ពីប្រទេសជិតខាងចំនួន ៣ រួមមាន ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ បើតាមលោកវេជ្ជបណ្ឌិត Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ការសម្រេចបើកទទួលយកពលករចំណាកស្រុកស្របច្បាប់នេះគឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយចំនួនពលករឆ្លងដែនខុសច្បាប់ ដែលព្យាយាមចូលទៅកាន់ទឹកថៃដោយពុំបានពិនិត្យសុខភាពត្រឹមត្រូវនោះទេ។

លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា នាពេលកន្លងអាជ្ញាធរថៃបានរកឃើញពលករចំណាកស្រុកខុសច្បាប់ជាច្រើនវិជ្ជមានជំងឺកូវីដ ១៩ ហើយក្នុងករណីដែលអាជ្ញាធរថៃមិនបានឃាត់ខ្លួនពួកគេទាន់ពេលវេលានៅចំណុចច្រកព្រំដែននោះទេ គឺពួកគេនឹងនាំយកជំងឺកូវីដ ១៩ ទៅចម្លងយ៉ាងសកម្មនៅក្នុងប្រទេសថៃ។ បើតាមលោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃបានឲ្យដឹងថា ពេលនេះក្រុមអ្នកជំនាញថៃកំពុងធ្វើការសិក្សាជុំវិញបញ្ហានេះជាមួយភាគីទាំង ៣ ប្រទេសខាងលើហើយ ដើម្បីកំណត់ចំនួនពលករមកពីប្រទេសនីមួយៗនិងពេលវេលាជាក់លាក់នៃការធ្វើដំណើរទៅកាន់ទឹកដីថៃ។ លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ភាគីថៃសង្ឃឹមយ៉ាងមុតមាំថាពលករស្របច្បាប់ទាំង ៤០ម៉ឺននាក់នោះគឺគ្មានជំងឺកូវីដ ១៩ នោះទេ ហើយពួកគេនឹងរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិថៃឲ្យងើបឡើងវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ National Thailand

Share This Post: